1. លំដាប់នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត ព្រះយេហូវ៉ាទ្រង់ក៏ប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីនអស់រវាង៤០ឆ្នាំ។
2. គ្រានោះមានមនុស្សម្នាក់នៅត្រង់សូរ៉ាស់ ក្នុងពួកគ្រួដាន់ ឈ្មោះម៉ាណូអា ប្រពន្ធជាស្ត្រីអារ គ្មានកូនសោះ
3. នោះទេវតានៃព្រះយេហូវ៉ាក៏លេចមកឲ្យប្រពន្ធគាត់ឃើញ ហើយប្រាប់ថា មើលឥឡូវនេះ ឯងជាស្ត្រីអារគ្មានកូន តែឯងនឹងមានទំងន់បង្កើតបានកូនប្រុស១វិញ
4. ដូច្នេះ ចូរប្រយ័ត្ន កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតដែរ
5. ដ្បិតមើលឯងនឹងមានទំងន់ បង្កើតបានកូនប្រុស តែមិនត្រូវយកកាំបិតកោរសក់វាឡើយ ពីព្រោះកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីផ្ទៃម្តាយមក វានឹងចាប់តាំងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ឲ្យរួចពីកណ្តាប់ដៃនៃពួកភីលីស្ទីន
6. ដូច្នេះ នាងក៏ទៅប្រាប់ដល់ប្ដីថា មានអ្នកសំណប់របស់ព្រះម្នាក់បានមកឯខ្ញុំ អ្នកនោះមានភាពមើលទៅដូចជាទេវតានៃព្រះ គួរឲ្យស្ញែងខ្លាច តែខ្ញុំមិនបានសួរដែលលោកមកពីណាទេ លោកក៏មិនបានប្រាប់ឈ្មោះដល់ខ្ញុំដែរ
7. តែបានប្រាប់ខ្ញុំថា មើល ឯងនឹងមានទំងន់បង្កើតបានកូនប្រុស១ ឥឡូវនេះ កុំឲ្យផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក៏កុំឲ្យបរិភោគអ្វីដែលមិនស្អាតផង ដ្បិតកូននោះនឹងធ្វើជាពួកន៉ាសារីត ថ្វាយព្រះតាំងពីក្នុងផ្ទៃមក ដរាបដល់ថ្ងៃស្លាប់។
8. ដូច្នេះ ម៉ាណូអាក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះអម្ចាស់អើយ សូមឲ្យអ្នកសំណប់របស់ព្រះ ដែលទ្រង់បានចាត់មកឯយើងខ្ញុំនោះ បានមកម្តងទៀត ដើម្បីនឹងបង្ហាញឲ្យយើងខ្ញុំដឹងពីការ ដែលត្រូវប្រព្រឹត្តចំពោះកូនដែលត្រូវកើតមកនោះ
9. ព្រះទ្រង់ក៏ស្តាប់តាមពាក្យរបស់ម៉ាណូអា ទេវតានៃព្រះក៏មកឯនាងម្តងទៀត ក្នុងកាលដែលនាងកំពុងអង្គុយនៅចំការ តែម៉ាណូអាជាប្ដី មិនបាននៅជាមួយនឹងនាងទេ
10. នោះនាងក៏រត់ទៅជាប្រញាប់ប្រាប់ប្ដីថា មើល អ្នកដែលបានមកឯខ្ញុំពីថ្ងៃមុន បានលេចមកឲ្យខ្ញុំឃើញទៀតហើយ
11. ដូច្នេះ ម៉ាណូអាក៏ក្រោកឡើងដើរតាមប្រពន្ធទៅឯអ្នកនោះសួរថា តើលោកឬអី ដែលបាននិយាយនឹងនាងនេះ ទេវតាឆ្លើយថា អើមែនហើយ