ចៅហ្វាយ 11:8-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នោះ​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ឆ្លើយ​តប​ថា គឺ​ដោយ​ហេតុ​នោះ​បាន​ជា​យើង​រាល់​គ្នា​មក​រក​អ្នក​ឥឡូវ ដើម្បី​ឲ្យ​អ្នក​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន​ជា​មួយ​នឹង​យើង នោះ​អ្នក​នឹង​បាន​ធ្វើ​ជា​មេ​របស់​យើង​រាល់​គ្នា គ្រប់​គ្រង​លើ​មនុស្ស​នៅ​ស្រុក​កាឡាត​ទាំង​អស់

9. រួច​យែបថា​សួរ​បញ្ជាក់​ដល់​ពួក​ចាស់‌ទុំ​ស្រុក​កាឡាត​ថា បើ​អ្នក​រាល់​គ្នា​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​វិញ ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​គេ​មក​នៅ​មុខ​ខ្ញុំ នោះ​តើ​ខ្ញុំ​នឹង​បាន​ធ្វើ​ជា​មេ​លើ​អ្នក​រាល់​គ្នា​ពិត​មែន​ឬ

10. ពួក​ចាស់‌ទុំ​ក៏​ឆ្លើយ​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ឮ​ពាក្យ​យើង​នេះ​ថា យើង​នឹង​ធ្វើ​តាម​ពាក្យ​អ្នក​ជា​ពិត​ប្រាកដ

11. ដូច្នេះ​យែបថា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ចាស់‌ទុំ​នៃ​ស្រុក​កាឡាត​ទៅ ហើយ​ពួក​បណ្តា‌ជន​ក៏​លើក​ឡើង​ឲ្យ​ធ្វើ​ជា​កំពូល ហើយ​ជា​មេ​លើ​គេ រួច​យែបថា​ក៏​ទៅ​ថ្លែង​អស់​ទាំង​ពាក្យ​ដដែល​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ត្រង់​មីសប៉ា។

12. ស្រេច​ហើយ​យែបថា​ចាត់​សារ ឲ្យ​ទៅ​ឯ​ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​សួរ​ថា តើ​លោក​នឹង​ខ្ញុំ មាន​រឿង​អ្វី​នឹង​គ្នា​បាន​ជា​លោក​មក​ច្បាំង​នឹង​ខ្ញុំ​នៅ​ស្រុក​ខ្ញុំ​ដូច្នេះ

13. ស្តេច​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ឆ្លើយ​ទៅ​ពួក​ទូត​របស់​យែបថា​ថា គឺ​ដោយ​ព្រោះ​សាសន៍​អ៊ីស្រា‌អែល បាន​ដណ្តើម​យក​ស្រុក​របស់​អញ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ស្ទឹង​យ៉ាបុក ហើយ​ត្រឹម​ទន្លេ​យ័រដាន់ ក្នុង​កាល​ដែល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ ដូច្នេះ ចូរ​ប្រគល់​ស្រុក​ទាំង​នោះ​មក​អញ​វិញ​ឥឡូវ ដោយ​មេត្រី​ចុះ

14. នោះ​យែបថា​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​របស់​ពួក​កូន​ចៅ​អាំម៉ូន​ម្តង​ទៀត ទូល​ថា

15. យែបថា​ទូល​យ៉ាង​ដូច្នេះ​ថា សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យក​ស្រុក​របស់​សាសន៍​ម៉ូអាប់ ឬ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ទេ

16. គឺ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​ទៅ​ដល់​កាដេស

17. រួច​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អេដំម ទូល​ថា សូម​បើក​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់​ផង តែ​ស្តេច​ស្រុក​នោះ​មិន​យល់​ព្រម​តាម​សោះ គេ​ក៏​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ម៉ូអាប់ ទូល​ដូច្នោះ​ដែរ តែ​ទ្រង់​ក៏​មិន​យល់​ព្រម​ទៀត បាន​ជា​សាសន៍​អ៊ីស្រា‌អែល​បង្អង់​នៅ​ក្នុង​ស្រុក​កាដេស​នោះ

18. រួច​គេ​ដើរ​តាម​ទី​រហោ‌ស្ថាន​វាង​ព័ទ្ធ​ស្រុក​អេដំម និង​ស្រុក​ម៉ូអាប់ តាម​ខាង​កើត​ស្រុក​ម៉ូអាប់​វិញ ហើយ​ដំឡើង​ត្រសាល​នៅ​ខាង​នាយ​ស្ទឹង​អើណូន តែ​មេ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ព្រំ​ស្រុក​ម៉ូអាប់​សោះ ដ្បិត​ស្ទឹង​អើណូន​នោះ ជា​ព្រំ‌ខណ្ឌ​នៃ​ស្រុក​ម៉ូអាប់

19. នៅ​ទី​នោះ​សាសន៍​អ៊ីស្រា‌អែល​ក៏​ចាត់​សារ ឲ្យ​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី គឺ​ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​ថា សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​ទ្រង់ ទៅ​ឯ​កន្លែង​របស់​យើង​ខ្ញុំ​ផង

20. តែ​ស្តេច​ទ្រង់​មិន​ទុក​ចិត្ត​ចំពោះ​សាសន៍​អ៊ីស្រា‌អែល នឹង​ឲ្យ​គេ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ទ្រង់​ទេ ក៏​ប្រមូល​ពួក​ទ្រង់​ទាំង​អស់ ទៅ​បោះ​ទ័ព​នៅ​ត្រង់​យ៉ាហាស់ ច្បាំង​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង

21. នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ក៏​ប្រគល់​ស៊ីហុន និង​ពួក​ទ្រង់​ទាំង​ប៉ុន្មាន មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង ហើយ​យើង​ក៏​ប្រហារ​គេ គឺ​យ៉ាង​នោះ​ហើយ ដែល​សាសន៍​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ជា​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ​បាន

22. គេ​ចាប់​យក​បាន​ស្រុក​របស់​សាសន៍​អាម៉ូរី​នោះ ចាប់​តាំង​ពី​ស្ទឹង​អើណូន រហូត​ដល់​ស្ទឹង​យ៉ាបុក ហើយ​ពី​ទី​រហោ‌ស្ថាន​ទៅ​ដល់​ទន្លេ​យ័រដាន់

23. ឥឡូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បណ្តេញ​សាសន៍​អាម៉ូរី ពី​មុខ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ចេញ​ហើយ ដូច្នេះ តើ​ត្រូវ​ការ​អ្វី ឲ្យ​ទ្រង់​មក​យក​ស្រុក​នេះ​ធ្វើ​អី

24. ឯ​ស្រុក​ដែល​ព្រះ‌កេម៉ូស ជា​ព្រះ​នៃ​ទ្រង់ បាន​ប្រទាន​ឲ្យ នោះ​តើ​មិន​យក​ជា​របស់​ផង​ទ្រង់​ទេ​ឬ​អី ដូច្នេះ​ពួក​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​បណ្តេញ​ពី​មុខ​យើង​ខ្ញុំ​ទៅ នោះ​ស្រុក​របស់​គេ​ត្រូវ​បាន​ជា​របស់​ផង​យើង​ខ្ញុំ​វិញ​ដូច្នោះ​ដែរ

25. ចុះ​តើ​ទ្រង់​វិសេស​ជាង​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់​ឬ​អី តើ​ស្តេច​នោះ​មិន​បាន​ត‌យុទ្ធ​នឹង​សាសន៍​អ៊ីស្រា‌អែល​ដែរ​ទេ​ឬ​អី តើ​មិន​បាន​ច្បាំង​នឹង​គេ​ទេ​ឬ

ចៅហ្វាយ 11