6. ដោយអង្វរថា សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា ដើម្បីនាំយើងចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន
7. តែយែបថាប្រកែកដល់ពួកចាស់ទុំស្រុកកាឡាតថា តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី ហេតុអ្វីបានជាមករកខ្ញុំឥឡូវ ក្នុងគ្រាដែលមានសេចក្ដីវេទនាវិញដូច្នេះ
8. នោះពួកចាស់ទុំស្រុកកាឡាតឆ្លើយតបថា គឺដោយហេតុនោះបានជាយើងរាល់គ្នាមករកអ្នកឥឡូវ ដើម្បីឲ្យអ្នកបានចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូនជាមួយនឹងយើង នោះអ្នកនឹងបានធ្វើជាមេរបស់យើងរាល់គ្នា គ្រប់គ្រងលើមនុស្សនៅស្រុកកាឡាតទាំងអស់
9. រួចយែបថាសួរបញ្ជាក់ដល់ពួកចាស់ទុំស្រុកកាឡាតថា បើអ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅស្រុកវិញ ច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ប្រគល់គេមកនៅមុខខ្ញុំ នោះតើខ្ញុំនឹងបានធ្វើជាមេលើអ្នករាល់គ្នាពិតមែនឬ
10. ពួកចាស់ទុំក៏ឆ្លើយថា យើងស្បថដោយនូវព្រះយេហូវ៉ាដែលទ្រង់ឮពាក្យយើងនេះថា យើងនឹងធ្វើតាមពាក្យអ្នកជាពិតប្រាកដ
11. ដូច្នេះយែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។
12. ស្រេចហើយយែបថាចាត់សារ ឲ្យទៅឯស្តេចពួកកូនចៅអាំម៉ូនសួរថា តើលោកនឹងខ្ញុំ មានរឿងអ្វីនឹងគ្នាបានជាលោកមកច្បាំងនឹងខ្ញុំនៅស្រុកខ្ញុំដូច្នេះ
13. ស្តេចនៃពួកកូនចៅអាំម៉ូនឆ្លើយទៅពួកទូតរបស់យែបថាថា គឺដោយព្រោះសាសន៍អ៊ីស្រាអែល បានដណ្តើមយកស្រុករបស់អញ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ស្ទឹងយ៉ាបុក ហើយត្រឹមទន្លេយ័រដាន់ ក្នុងកាលដែលគេឡើងពីស្រុកអេស៊ីព្ទមកនោះ ដូច្នេះ ចូរប្រគល់ស្រុកទាំងនោះមកអញវិញឥឡូវ ដោយមេត្រីចុះ
14. នោះយែបថាក៏ចាត់សារឲ្យទៅឯស្តេចរបស់ពួកកូនចៅអាំម៉ូនម្តងទៀត ទូលថា
15. យែបថាទូលយ៉ាងដូច្នេះថា សាសន៍អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកកូនចៅអាំម៉ូនទេ