3. នោះយែបថាក៏រត់ពីបងប្អូន ចេញទៅនៅឯស្រុកថូបទៅ រួចមានពួកមនុស្សអនាថាមូលមកចូលដៃជាមួយគ្នា គេតែងចេញទៅវាយប្លន់ជាមួយនឹងគាត់។
4. លុះចំណេរក្រោយមក នោះពួកកូនចៅអាំម៉ូន គេទន្ទ្រានចូលច្បាំងនឹងសាសន៍អ៊ីស្រាអែល
5. ខណៈដែលគេទន្ទ្រានចូលក្នុងស្រុកអ៊ីស្រាអែល នោះពួកចាស់ទុំនៅស្រុកកាឡាតក៏ចាត់គេ ឲ្យទៅហៅយែបថា ពីស្រុកថូបមក
6. ដោយអង្វរថា សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា ដើម្បីនាំយើងចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន
7. តែយែបថាប្រកែកដល់ពួកចាស់ទុំស្រុកកាឡាតថា តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី ហេតុអ្វីបានជាមករកខ្ញុំឥឡូវ ក្នុងគ្រាដែលមានសេចក្ដីវេទនាវិញដូច្នេះ
8. នោះពួកចាស់ទុំស្រុកកាឡាតឆ្លើយតបថា គឺដោយហេតុនោះបានជាយើងរាល់គ្នាមករកអ្នកឥឡូវ ដើម្បីឲ្យអ្នកបានចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូនជាមួយនឹងយើង នោះអ្នកនឹងបានធ្វើជាមេរបស់យើងរាល់គ្នា គ្រប់គ្រងលើមនុស្សនៅស្រុកកាឡាតទាំងអស់
9. រួចយែបថាសួរបញ្ជាក់ដល់ពួកចាស់ទុំស្រុកកាឡាតថា បើអ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅស្រុកវិញ ច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ប្រគល់គេមកនៅមុខខ្ញុំ នោះតើខ្ញុំនឹងបានធ្វើជាមេលើអ្នករាល់គ្នាពិតមែនឬ
10. ពួកចាស់ទុំក៏ឆ្លើយថា យើងស្បថដោយនូវព្រះយេហូវ៉ាដែលទ្រង់ឮពាក្យយើងនេះថា យើងនឹងធ្វើតាមពាក្យអ្នកជាពិតប្រាកដ
11. ដូច្នេះយែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។