ចៅហ្វាយ 11:25-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. ចុះ​តើ​ទ្រង់​វិសេស​ជាង​បាឡាក ជា​កូន​ស៊ីបព័រ ស្តេច​សាសន៍​ម៉ូអាប់​ឬ​អី តើ​ស្តេច​នោះ​មិន​បាន​ត‌យុទ្ធ​នឹង​សាសន៍​អ៊ីស្រា‌អែល​ដែរ​ទេ​ឬ​អី តើ​មិន​បាន​ច្បាំង​នឹង​គេ​ទេ​ឬ

26. ក្នុង​រវាង​៣០០​ឆ្នាំ​នេះ ដែល​សាសន៍​អ៊ីស្រា‌អែល​នៅ​ក្រុង​ហែសបូន និង​តំបន់​នៅ​ជុំវិញ នៅ​ក្រុង​អារ៉ូអ៊ើរ និង​តំបន់​នៅ​ជុំវិញ ហើយ​នៅ​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្បែរ​មាត់​ស្ទឹង​អើណូន នោះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​បាន​ចាប់​យក​ស្រុក​ពី​គេ​មក ក្នុង​គ្រា​នោះ​ទៅ

27. ដូច្នេះ ខ្ញុំ​មិន​បាន​ធ្វើ​បាប​នឹង​ទ្រង់​ទេ គឺ​ទ្រង់​ទេ​តើ​ដែល​ធ្វើ​ខុស​នឹង​ខ្ញុំ​វិញ ដោយ​មក​ច្បាំង​នឹង​ខ្ញុំ​ដូច្នេះ ព្រះ‌យេហូវ៉ា​ដ៏​ជា​ចៅ‌ក្រម ទ្រង់​នឹង​ជំនុំ​ជំរះ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​អាំម៉ូន​នៅ​ថ្ងៃ​នេះ​ឯង

28. ប៉ុន្តែ ស្តេច​ពួក​កូន​ចៅ​អាំម៉ូន​មិន​ព្រម​ស្តាប់​ពាក្យ ដែល​យែបថា​បាន​ចាត់​សារ​ឲ្យ​មក​ទូល​ទ្រង់​នោះ​ទេ។

29. ខណៈ​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា រួច​លោក​ដើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាន៉ាសេ ទៅ​តាម​មីសប៉ា-កាឡាត ហើយ​ពី​ទី​នោះ​ក៏​ដំរង់​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន

30. យែបថា​ក៏​បន់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា បើ​សិន​ជា​ទ្រង់​ប្រគល់​ពួក​កូន​ចៅ​អាំម៉ូន មក​ក្នុង​កណ្តាប់​ដៃ​នៃ​ទូល‌បង្គំ​ពិត

31. នោះ​អ្វីៗ​ណា​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ ក្នុង​គ្រា​ដែល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​កូន​ចៅ​អាំម៉ូន​មក​វិញ ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​ដង្វាយ​ដុត

32. ដូច្នេះ យែបថា​ក៏​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​លោក

33. លោក​ប្រហារ​ជីវិត​គេ​យ៉ាង​សំបើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ទី​ក្រុង​២០ ហើយ​រហូត​ដល់​អេបិល-កេរ៉ា‌មីម​ថែម​ទៀត ពួក​កូន​ចៅ​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

34. រួច​យែបថា លោក​ត្រឡប់​មក​ដល់​ផ្ទះ នៅ​ត្រង់​មីសប៉ា​វិញ នោះ​មើល ខណៈ​នោះ​កូន​ស្រី​របស់​លោក​ក៏​ចេញ​មក​ទទួល ទាំង​បន្ទរ​ក្រាប់​បណ្តើរ ហើយ​លោត‌កញ្ឆេង​ផង នាង​នោះ​ជា​កូន​តែ​១​របស់​លោក ក្រៅ​ពី​នាង នោះ​គ្មាន​កូន​ប្រុស ឬ​កូន​ស្រី​ណា​ទៀត​ឡើយ

ចៅហ្វាយ 11