20. តែស្តេចទ្រង់មិនទុកចិត្តចំពោះសាសន៍អ៊ីស្រាអែល នឹងឲ្យគេដើរកាត់ព្រំស្រុករបស់ទ្រង់ទេ ក៏ប្រមូលពួកទ្រង់ទាំងអស់ ទៅបោះទ័ពនៅត្រង់យ៉ាហាស់ ច្បាំងនឹងសាសន៍អ៊ីស្រាអែលយើង
21. នោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន និងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន
22. គេចាប់យកបានស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់
23. ឥឡូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរី ពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញហើយ ដូច្នេះ តើត្រូវការអ្វី ឲ្យទ្រង់មកយកស្រុកនេះធ្វើអី
24. ឯស្រុកដែលព្រះកេម៉ូស ជាព្រះនៃទ្រង់ បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះពួកណាដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ
25. ចុះតើទ្រង់វិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬអី តើស្តេចនោះមិនបានតយុទ្ធនឹងសាសន៍អ៊ីស្រាអែលដែរទេឬអី តើមិនបានច្បាំងនឹងគេទេឬ