16. គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស
17. រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដំម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ
18. រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដំម និងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់
19. នៅទីនោះសាសន៍អ៊ីស្រាអែលក៏ចាត់សារ ឲ្យទៅឯស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ ទៅឯកន្លែងរបស់យើងខ្ញុំផង
20. តែស្តេចទ្រង់មិនទុកចិត្តចំពោះសាសន៍អ៊ីស្រាអែល នឹងឲ្យគេដើរកាត់ព្រំស្រុករបស់ទ្រង់ទេ ក៏ប្រមូលពួកទ្រង់ទាំងអស់ ទៅបោះទ័ពនៅត្រង់យ៉ាហាស់ ច្បាំងនឹងសាសន៍អ៊ីស្រាអែលយើង
21. នោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន និងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន
22. គេចាប់យកបានស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់
23. ឥឡូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរី ពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ចេញហើយ ដូច្នេះ តើត្រូវការអ្វី ឲ្យទ្រង់មកយកស្រុកនេះធ្វើអី
24. ឯស្រុកដែលព្រះកេម៉ូស ជាព្រះនៃទ្រង់ បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះពួកណាដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ
25. ចុះតើទ្រង់វិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬអី តើស្តេចនោះមិនបានតយុទ្ធនឹងសាសន៍អ៊ីស្រាអែលដែរទេឬអី តើមិនបានច្បាំងនឹងគេទេឬ
26. ក្នុងរវាង៣០០ឆ្នាំនេះ ដែលសាសន៍អ៊ីស្រាអែលនៅក្រុងហែសបូន និងតំបន់នៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងតំបន់នៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន នោះហេតុអ្វីបានជាទ្រង់មិនបានចាប់យកស្រុកពីគេមក ក្នុងគ្រានោះទៅ
27. ដូច្នេះ ខ្ញុំមិនបានធ្វើបាបនឹងទ្រង់ទេ គឺទ្រង់ទេតើដែលធ្វើខុសនឹងខ្ញុំវិញ ដោយមកច្បាំងនឹងខ្ញុំដូច្នេះ ព្រះយេហូវ៉ាដ៏ជាចៅក្រម ទ្រង់នឹងជំនុំជំរះរឿងរបស់ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅអាំម៉ូននៅថ្ងៃនេះឯង