1. ក្រោយពីអ័ប៊ីម៉្មាឡិច នោះមានថូឡា ជាកូនពូវ៉ា ដែលជាកូនដូដូរ ក្នុងពួកអ៊ីសាខារ បានតាំងឡើងជួយសង្គ្រោះដល់ពួកអ៊ីស្រាអែល លោកនៅត្រង់សាមារ ក្នុងស្រុកភ្នំអេប្រាអិម
2. ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។
3. ក្រោយពីនោះមកមានយ៉ាអ៊ារ ជាពួកកាឡាត បានតាំងឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់២២ឆ្នាំ
4. លោកមានកូនប្រុស៣០នាក់ ដែលមានកូនលា១ម្នាក់សំរាប់ជិះ គេក៏មានទីក្រុង៣០ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ ក្រុងទាំងនោះនៅស្រុកកាឡាត
5. ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។
6. គ្រានោះ ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនឹងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន និងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ
7. នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេ ទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន និងពួកកូនចៅអាំម៉ូន
8. ពួកទាំងនោះក៏ធ្វើទុក្ខ ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកសាសន៍អាម៉ូរី គឺជាស្រុកកាឡាត ចាប់តាំងពីឆ្នាំនោះ រហូតដល់អស់១៨ឆ្នាំតទៅមុខ
9. រួចពួកកូនចៅអាំម៉ូនក៏ឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត បានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។
10. គ្រានោះពួកកូនចៅអ៊ីស្រាអែល ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាបានធ្វើបាបនឹងទ្រង់ហើយ គឺយើងខ្ញុំបានលះចោលព្រះនៃយើងខ្ញុំ ទៅគោរពប្រតិបត្តិដល់អស់ទាំងព្រះបាលវិញ