ចៅហ្វាយ 1:21-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. រីឯ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ទេ សាសន៍​នោះ​បាន​នៅ​ជា​មួយ​នឹង​កូន​ចៅ​បេន‌យ៉ា‌មីន នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

22. ឯ​ពួក​វង្ស​យ៉ូសែប គេ​ឡើង​ទៅ ទាស់​នឹង​បេត-អែល ហើយ​ព្រះ‌យេហូវ៉ា​ក៏​គង់​ជា​មួយ​នឹង​គេ

23. គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល​នោះ (រីឯ​ទី​ក្រុង​នោះ ពី​ដើម​ហៅ​ថា លូស)

24. ពួក​ឈ្លប​នោះ​គេ​បាន​ឃើញ​មនុស្ស​ម្នាក់​ចេញ​ពី​ទី​ក្រុង​មក ហើយ​ក៏​សួរ​ថា សូម​អ្នក​បង្ហាញ​ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង នោះ​យើង​នឹង​អាណិត​មេត្តា​ដល់​អ្នក

25. អ្នក​នោះ​ក៏​បង្ហាញ​ផ្លូវ​ដល់​គេ រួច​គេ​កាប់​សំឡាប់​ពួក​ក្រុង​នោះ​ដោយ​មុខ​ដាវ តែ​គេ​លែង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គាត់ ឲ្យ​ទៅ​វិញ

26. អ្នក​នោះ​ក៏​ទៅ​សង់​ទី​ក្រុង​១​នៅ​ត្រង់​ស្រុក​សាសន៍​ហេត រួច​ដាក់​ឈ្មោះ​ថា ក្រុង​លូស ឈ្មោះ​នោះ​ក៏​នៅ​ជាប់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

27. ឯ​ពួក​ម៉ាន៉ាសេ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​បេត-សៀន និង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ត្អាណាក និង​តំបន់​នៅ​ជុំវិញ ពួក​ក្រុង​ដោរ និង​តំបន់​ដែល​នៅ​ជុំវិញ ពួក​ក្រុង​យីបលាម និង​តំបន់​នៅ​ជុំវិញ ឬ​ពួក​ក្រុង​មេគី‌ដោ និង​តំបន់​នៅ​ជុំវិញ​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​បាន​តាំង​ចិត្ត​នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​វិញ

28. តែ​លុះ​កាល​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​កំឡាំង​ឡើង នោះ​គេ​ក៏​ចាប់​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​បំរើ​គេ ឥត​បាន​បណ្តេញ​ទាំង​អស់​ទេ។

29. ឯ​ពួក​អេប្រា‌អិម គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ដែរ គឺ​ពួក​កាណាន​នោះ​បាន​នៅ​កេស៊ើរ ជា​កណ្តាល​ពួក​គេ​វិញ។

30. ឯ​ពួក​សាប់‌យូល៉ូន គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ទេ គឺ​ពួក​សាសន៍​កាណាន​នៅ​ជា​កណ្តាល​ពួក​គេ ហើយ​ក៏​ទទួល​ព្រម​ធ្វើ​ការ​បំរើ​គេ។

31. ឯ​ពួក​អេស៊ើរ គេ​មិន​បាន​បណ្តេញ​ពួក​អ្នក​នៅ​ក្រុង​អាកូរ ស៊ីដូន អាស់‌ឡាប់ អាក់‌ស៊ីប ហេលបា អាផែក ឬ​រេហុប​ចេញ​ទេ

32. គឺ​ពួក​អេស៊ើរ​នៅ​ជា​កណ្តាល​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ពី​ព្រោះ​គេ​មិន​បាន​បណ្តេញ​សាសន៍​នោះ​ចេញ​ទេ។

33. ឯ​ពួក​ណែប‌ថាលី គេ​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ដែល​នៅ​ក្រុង​បេត-សេមែស ឬ​ពួក​ក្រុង​បេត-អា‌ណាត​ចេញ​ដែរ គឺ​គេ​នៅ​ជា​កណ្តាល​ពួក​សាសន៍​កាណាន ដែល​នៅ​ស្រុក​នោះ​វិញ ប៉ុន្តែ ពួក​អ្នក​នៅ​ក្រុង​បេត-សេមែស និង​បេត-អាណាត​បាន​ទទួល​ព្រម​ធ្វើ​ការ​បំរើ​ដល់​គេ។

34. ឯ​ពួក​កូន​ចៅ​ដាន់ នោះ​ពួក​សាសន៍​អាម៉ូរី​បាន​បង្ខំ​ឲ្យ​គេ​ទៅ​នៅ​ស្រុក​ភ្នំ មិន​ព្រម​ឲ្យ​គេ​ចុះ​មក​នៅ​វាល​ច្រក​ភ្នំ​ឡើយ

ចៅហ្វាយ 1