ចៅហ្វាយ 1:2-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ត្រូវ​ឲ្យ​ពួក​យូដា​ឡើង​ទៅ​ចុះ មើល អញ​បាន​ប្រគល់​ស្រុក​នោះ​មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ​ហើយ

3. នោះ​ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា សូម​ឡើង​ទៅ​ឯ​ស្រុក​ជា​ចំណែក​ខ្ញុំ ជា​មួយ​នឹង​ខ្ញុំ​ចុះ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន នោះ​យើង​នឹង​ទៅ​ឯ​ស្រុក ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​នឹង​បង​ប្អូន​ដែរ ដូច្នេះ​ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ

4. ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​១​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក

5. ក៏​ឃើញ​អ័ដូនី-បេសេក​នៅ​ក្រុង​នោះ រួច​ច្បាំង​នឹង​លោក ព្រម​ទាំង​វាយ​សំឡាប់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​ផង

6. ឯ​អ័ដូនី-បេសេក បាន​រត់​ចេញ​វិញ តែ​គេ​ដេញ​តាម​ចាប់​បាន​មក ហើយ​កាត់​មេ​ដៃ​មេ​ជើង​របស់​លោក​ចេញ

7. ខណៈ​នោះ អ័ដូនី-បេសេក​និយាយ​ថា មាន​ស្តេច​៧០​អង្គ​ដែល​រើស​អាហារ​ក្រោម​តុ​ខ្ញុំ មាន​ទាំង​មេ​ដៃ​មេ​ជើង​កាត់​ដាច់​ដូច្នេះ​ដែរ នេះ​គឺ​ព្រះ​បាន​សង​ខ្ញុំ​ដូច​ជា​ខ្ញុំ​បាន​ប្រព្រឹត្ត​នឹង​គេ​ហើយ រួច​គេ​នាំ​លោក​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​លោក​ស្លាប់​នៅ​ទី​នោះ​ទៅ។

8. ពួក​កូន​ចៅ​យូដា ក៏​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ ព្រម​ទាំង​ចាប់​យក​បាន រួច​ប្រហារ​គេ​ដោយ​មុខ​ដាវ ហើយ​ឆួល​ដុត​ទី​ក្រុង​ចោល​ផង

9. ក្រោយ​មក​ក៏​ចុះ​ទៅ​ច្បាំង​នឹង​សាសន៍​កាណាន ដែល​នៅ​ស្រុក​ភ្នំ​ទាបៗ ស្រុក​ត្បូង និង​ស្រុក​ទំនាប​ថែម​ទៀត

10. រួច​ច្បាំង​នឹង​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ហេប្រុន​ដែរ (រីឯ​ក្រុង​ហេប្រុន​នោះ កាល​ពី​ដើម​ហៅ​ថា គារយ៉ាត់-អើបា) ហើយ​គេ​ប្រហារ​សំឡាប់​សេសាយ អ័ហ៊ីម៉ាន និង​តាលម៉ាយ​បង់។

ចៅហ្វាយ 1