19. ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
20. គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
21. រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។
22. ឯពួកវង្សយ៉ូសែប គេឡើងទៅ ទាស់នឹងបេត-អែល ហើយព្រះយេហូវ៉ាក៏គង់ជាមួយនឹងគេ
23. គេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែលនោះ (រីឯទីក្រុងនោះ ពីដើមហៅថា លូស)
24. ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក
25. អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សំឡាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ ឲ្យទៅវិញ
26. អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។
27. ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក និងតំបន់នៅជុំវិញ ពួកក្រុងដោរ និងតំបន់ដែលនៅជុំវិញ ពួកក្រុងយីបលាម និងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ និងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
28. តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកំឡាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបំរើគេ ឥតបានបណ្តេញទាំងអស់ទេ។
29. ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។
30. ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបំរើគេ។