13. ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសា ទៅធ្វើជាប្រពន្ធគាត់ទៅ
14. កាលនាងបានចូលទៅ នោះក៏បបួលប្ដីឲ្យសូមដីពីឪពុក រួចនាងលោតចុះពីលើលាដែលនាងជិះមក ដូច្នេះ កាលែបសួរថា ដូចម្តេចហ្នឹង
15. នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
16. ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។
17. នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មាន ជាបងប្អូនវិញ គេនាំគ្នាវាយសំឡាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា)
18. ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក និងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនឹងអេក្រុន ព្រមទាំងដែនស្រុកដែរ
19. ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
20. គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
21. រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡិម ដរាបដល់សព្វថ្ងៃនេះ។
22. ឯពួកវង្សយ៉ូសែប គេឡើងទៅ ទាស់នឹងបេត-អែល ហើយព្រះយេហូវ៉ាក៏គង់ជាមួយនឹងគេ
23. គេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែលនោះ (រីឯទីក្រុងនោះ ពីដើមហៅថា លូស)
24. ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក
25. អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សំឡាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ ឲ្យទៅវិញ
26. អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។
27. ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក និងតំបន់នៅជុំវិញ ពួកក្រុងដោរ និងតំបន់ដែលនៅជុំវិញ ពួកក្រុងយីបលាម និងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ និងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
28. តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកំឡាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបំរើគេ ឥតបានបណ្តេញទាំងអស់ទេ។