1. រីឯគ្រាក្រោយ ដែលលោកយ៉ូស្វេ បានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ
3. នោះពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុក ជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នេះពួកស៊ីម្មានក៏ព្រមទៅជាមួយ
4. ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាទ្រង់ប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្តាប់ដៃរបស់គេ នោះគេប្រហារពួកសាសន៍នោះអស់១ម៉ឺននាក់ នៅក្រុងបេសេក
5. ក៏ឃើញអ័ដូនី-បេសេកនៅក្រុងនោះ រួចច្បាំងនឹងលោក ព្រមទាំងវាយសំឡាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង
6. ឯអ័ដូនី-បេសេក បានរត់ចេញវិញ តែគេដេញតាមចាប់បានមក ហើយកាត់មេដៃមេជើងរបស់លោកចេញ
7. ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡិម ហើយលោកស្លាប់នៅទីនោះទៅ។
8. ពួកកូនចៅយូដា ក៏ច្បាំងនឹងក្រុងយេរូសាឡិមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង
9. ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង និងស្រុកទំនាបថែមទៀត
10. រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសំឡាប់សេសាយ អ័ហ៊ីម៉ាន និងតាលម៉ាយបង់។
11. រួចពីនោះគេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)
12. ឯកាលែបគាត់បានសន្យាថា បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ធ្វើជាប្រពន្ធអ្នកនោះ
13. ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសា ទៅធ្វើជាប្រពន្ធគាត់ទៅ