15. ដូច្នេះអញបានវិលចុះពីភ្នំមក មានបន្ទះថ្មទាំង២នៃសេចក្ដីសញ្ញា កាន់នៅដៃទាំងសងខាងផង ឯភ្នំក៏មានសុទ្ធតែភ្លើងឆេះនៅ
16. អញក៏ក្រឡេកមើលទៅឃើញថា ឯងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃឯងហើយ ដោយបានសិតធ្វើរូបកូនគោ១ ឯងបានប្រញាប់នឹងងាកបែរចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់មកឯងណាស់
17. នោះអញបានចាប់យកថ្មទាំង២ផ្ទាំង បោះពីដៃអញបំបែកចោលទៅ នៅចំពោះភ្នែកឯងរាល់គ្នា។
18. រួចអញក៏ក្រាបចុះនៅចំពោះព្រះយេហូវ៉ា អស់៤០ថ្ងៃ៤០យប់ ដូចជាន់មុន ឥតមានបរិភោគ ឬផឹកទឹកសោះឡើយ ដោយព្រោះអស់ទាំងអំពើបាប ដែលឯងរាល់គ្នាបានធ្វើ ដោយប្រព្រឹត្តសេចក្ដីដែលអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
19. ដ្បិតអញបានភ័យខ្លាចចំពោះសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធ ដែលព្រះយេហូវ៉ាទ្រង់ឃោរឃៅ ដល់ទៅចង់បំផ្លាញឯងនោះណាស់ ហើយនៅវេលានោះ ព្រះយេហូវ៉ាក៏ស្តាប់តាមអញ
20. ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអើរ៉ុនជាខ្លាំង ដល់ទៅចង់បំផ្លាញលោកដែរ តែអញបានសូមអង្វរឲ្យលោក នៅវេលានោះឯង
21. រួចអញបានយករូបកូនគោ ដែលឯងរាល់គ្នាបានធ្វើ គឺជាអំពើបាបរបស់ឯងនោះ ទៅដុតនឹងភ្លើង រួចផែហើយកិនកំទេច ទាល់តែម៉ដ្តដូចធូលីទៅ ក៏បាចសាចធូលីនោះ ទៅក្នុងជ្រោះទឹកដែលហូរចុះពីភ្នំមក។
22. កាលនៅត្រង់តាបេរ៉ា ត្រង់ម៉ាសា ហើយត្រង់គីប្រុត-ហាតាវ៉ា នោះឯងរាល់គ្នាក៏បានបណ្តាលឲ្យព្រះយេហូវ៉ាក្រោធទៀត
23. ហើយកាលព្រះយេហូវ៉ាបានចាត់ឯង ពីកាដេស-បារនា ដោយព្រះបន្ទូលថា ចូរឡើងទៅចាប់យកស្រុកដែលអញបានឲ្យដល់ឯងចុះ នោះក៏បានបះបោរ និងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះនៃឯងទៀត ឯងរាល់គ្នាមិនបានជឿ ក៏មិនបានស្តាប់តាមព្រះបន្ទូលទ្រង់សោះ
24. គឺចេះតែមានចិត្តរឹងចចេសចំពោះព្រះយេហូវ៉ាជានិច្ច តាំងតែពីថ្ងៃដែលអញទើបនឹងស្គាល់ឯងរាល់គ្នាមក។
25. យ៉ាងនោះ អញបានក្រាបចុះ នៅចំពោះព្រះយេហូវ៉ាអស់៤០ថ្ងៃ៤០យប់ នោះដោយព្រោះព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ទ្រង់នឹងបំផ្លាញឯងរាល់គ្នា
26. ហើយអញក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមកុំបំផ្លាញបណ្តាជននេះដ៏ជាមរដករបស់ទ្រង់ ដែលទ្រង់បានលោះដោយឫទ្ធិបារមីទ្រង់ ហើយបាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តានោះឡើយ
27. សូមទ្រង់នឹកចាំពីអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ជាអ្នកបំរើទ្រង់វិញ សូមកុំទតចំពោះសេចក្ដីរឹងរូសរបស់សាសន៍នេះ ឬកិរិយាអាក្រក់ ឬអំពើបាបរបស់គេឡើយ
28. ក្រែងមនុស្សនៅស្រុកដែលទ្រង់បាននាំយើងរាល់គ្នាចេញមកនោះ គេដំនៀលថា ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំគេចូលទៅក្នុងស្រុក ដែលទ្រង់សន្យានឹងឲ្យដល់គេបាន ហើយដោយព្រោះទ្រង់ស្អប់គេបានជាទ្រង់នាំគេចេញទៅសំឡាប់ នៅទីរហោស្ថានវិញ
29. ប៉ុន្តែគេជារាស្ត្រ ហើយជាមរដករបស់ផងទ្រង់ ដែលទ្រង់បាននាំចេញមក ដោយសារព្រះចេស្តាដ៏ធំ ហើយដោយព្រះពាហុលើកសំរេចហើយ។