1. ឱអ៊ីស្រាអែលអើយ ចូរស្តាប់ចុះ នៅវេលានោះឯងរាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ ទៅចាប់យកនគរ ដែលធំជាង ហើយពូកែជាងឯង ដែលមានទីក្រុងធំ មានកំផែងខ្ពស់ដល់ផ្ទៃមេឃផង
2. ជាសាសន៍មានមាឌធំខ្ពស់ គឺជាពួកកូនចៅអ័ណាក់ ដែលឯងស្គាល់ហើយ ក៏បានឮនិយាយពីគេថា តើអ្នកណាអាចនឹងឈរនៅមុខពួកកូនចៅអ័ណាក់បាន
3. ដូច្នេះនៅថ្ងៃនេះ ចូរថា គឺព្រះយេហូវ៉ា ជាព្រះនៃឯង ដែលនាំមុខឯងឆ្លងទៅ ទ្រង់ឧបមាដូចជាភ្លើងដែលឆេះបន្សុស
4. កាលណាព្រះយេហូវ៉ា ជាព្រះនៃឯង បានបណ្តេញគេ ពីមុខឯងចេញហើយ នោះកុំឲ្យឯងនឹកក្នុងចិត្តថា ព្រះយេហូវ៉ាទ្រង់បាននាំអញចូលមកចាប់យកស្រុកនេះ ដោយព្រោះតែអញមានសេចក្ដីសុចរិតនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះទេ ដែលព្រះយេហូវ៉ាទ្រង់បណ្តេញគេ ពីមុខឯងចេញទៅនោះ
5. មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯង ឬដោយព្រោះចិត្តឯងទៀងត្រង់ ដែលឯងនឹងចូលទៅចាប់យកស្រុកគេនោះឡើយ គឺដោយព្រោះអំពើបាបរបស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បណ្តេញគេពីមុខឯងចេញ ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯង គឺនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប។
6. ដូច្នេះ ចូរដឹងថា ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានស្រុកដ៏ល្អនេះមកឲ្យឯងបានចាប់យក នោះមិនមែនដោយព្រោះសេចក្ដីសុចរិតរបស់ឯងទេ ដ្បិតឯងជាសាសន៍មានក្បាលរឹងវិញ។
7. ចូរនឹកចាំ កុំឲ្យភ្លេចឡើយ ថាឯងបានបណ្តាលឲ្យព្រះយេហូវ៉ា ជាព្រះនៃឯង មានសេចក្ដីក្រោធ នៅត្រង់ទីរហោស្ថាន ហើយចាប់តាំងពីថ្ងៃដែលឯងចេញពីស្រុកអេស៊ីព្ទ រហូតមកដល់ទីនេះ នោះឯងរាល់គ្នាចេះតែបះបោរនឹងព្រះយេហូវ៉ាជាដរាប
8. នៅត្រង់ភ្នំហោរែបក៏ដែរ ឯងបានបណ្តាលឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់ ដល់ទៅចង់បំផ្លាញឯងចេញផង
9. ក្នុងគ្រាដែលអញបានឡើងទៅលើភ្នំដើម្បីនឹងទទួលបន្ទះថ្ម ជាបន្ទះមានកត់ចុះសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងនឹងឯងរាល់គ្នា នោះអញបាននៅលើភ្នំអស់៤០ថ្ងៃ៤០យប់ ឥតមានបរិភោគអាហារ ឬផឹកទឹកសោះ
10. ហើយព្រះយេហូវ៉ាទ្រង់បានប្រទានបន្ទះថ្មទាំង២ផ្ទាំង ដែលសរសេរដោយអង្គុលីព្រះហស្តនៃទ្រង់នៅថ្មទាំង២នោះមានកត់ចុះអស់ទាំងព្រះបន្ទូល ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងឯងរាល់គ្នា ពីកណ្តាលភ្លើងនៅលើភ្នំ នាថ្ងៃដែលប្រជុំគ្នានោះ
11. លុះដល់ផុត៤០ថ្ងៃ៤០យប់នោះហើយ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានបន្ទះថ្មទាំង២ផ្ទាំងនោះដល់អញ គឺជាបន្ទះនៃសេចក្ដីសញ្ញា
12. រួចព្រះយេហូវ៉ាមានព្រះបន្ទូលប្រាប់អញថា ចូរក្រោកឡើង ចុះពីនេះជាប្រញាប់ទៅ ដ្បិតពួកជនដែលឯងបាននាំចេញពីស្រុកអេស៊ីព្ទមក គេបានបង្ខូចចិត្តអស់ហើយ គេរហ័សនឹងបែរចេញពីផ្លូវដែលអញបានបង្គាប់គេ ក៏បានសិតធ្វើរូបព្រះសំរាប់គេហើយ
13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញទៀតថា អញបានរំពឹងមើលឃើញថា សាសន៍នេះគេមានក្បាលរឹងទាំងអស់គ្នា
14. ឈប់សិន ចាំអញនឹងបំផ្លាញគេចេញ ព្រមទាំងលុបឈ្មោះគេពីក្រោមមេឃទៅ រួចអញនឹងយកឯង បង្កើតឡើងជាសាសន៍១ដ៏ខ្លាំងពូកែ ហើយមានគ្នាច្រើនជាងគេទៅទៀត
15. ដូច្នេះអញបានវិលចុះពីភ្នំមក មានបន្ទះថ្មទាំង២នៃសេចក្ដីសញ្ញា កាន់នៅដៃទាំងសងខាងផង ឯភ្នំក៏មានសុទ្ធតែភ្លើងឆេះនៅ
16. អញក៏ក្រឡេកមើលទៅឃើញថា ឯងរាល់គ្នាបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃឯងហើយ ដោយបានសិតធ្វើរូបកូនគោ១ ឯងបានប្រញាប់នឹងងាកបែរចេញពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់មកឯងណាស់
17. នោះអញបានចាប់យកថ្មទាំង២ផ្ទាំង បោះពីដៃអញបំបែកចោលទៅ នៅចំពោះភ្នែកឯងរាល់គ្នា។