3. ក៏មិនត្រូវរៀបការជាមួយនឹងគេ ឬឲ្យកូនស្រីឯងទៅកូនប្រុសគេ ហើយយកកូនស្រីគេមកឲ្យកូនប្រុសឯងនោះដែរ
4. ដ្បិតគេនឹងបង្វែរកូនឯងពីអញចេញ ឲ្យទៅគោរពប្រតិបត្តិតាមព្រះដទៃ យ៉ាងនោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ានឹងត្រូវកាត់ឡើងទាស់នឹងឯងរាល់គ្នា ហើយទ្រង់នឹងបំផ្លាញឯងចេញជាឆាប់
5. ត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តនឹងគេយ៉ាងនេះវិញ គឺត្រូវរំលំអាសនារបស់គេ បំបាក់បំបែកបង្គោលដែលសំរាប់គោរព ហើយបំផ្លាញអ្នកតា ព្រមទាំងដុតរូបឆ្លាក់របស់គេនៅក្នុងភ្លើងទៅ
6. ដ្បិតឯងជាសាសន៍បរិសុទ្ធដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសយកឯង ឲ្យបានជារបស់ផងទ្រង់ លើសជាងអស់ទាំងសាសន៍ ដែលនៅផែនដីផង។
7. ព្រះយេហូវ៉ាទ្រង់មិនបានស្រឡាញ់ឯងរាល់គ្នា ឬរើសឯង ដោយព្រោះឯងមានគ្នាច្រើនជាងសាសន៍ឯទៀតនោះទេ ដ្បិតឯងរាល់គ្នាជាសាសន៍តិចជាងសាសន៍ទាំងអស់
8. គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់ឯងរាល់គ្នាវិញ ហើយដោយព្រោះទ្រង់ចង់កាន់តាមសេចក្ដីសម្បថដែលទ្រង់បានស្បថ និងពួកអយ្យកោឯង បានជាទ្រង់នាំឯងចេញមក ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយបានលោះឯងពីផ្ទះពួកបាវបំរើ គឺពីកណ្តាប់ដៃនៃផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទមក
9. ដូច្នេះចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់
10. ហើយទ្រង់ក៏សងដល់ពួកអ្នកដែលស្អប់ទ្រង់នៅប្រទល់មុខគេ ដើម្បីនឹងបំផ្លាញគេចេញ ទ្រង់មិនបង្អង់ដល់អ្នកណាដែលស្អប់ទ្រង់ឡើយ គឺទ្រង់នឹងសងគេនៅប្រទល់មុខវិញ
11. ដូច្នេះត្រូវឲ្យឯងកាន់តាមអស់ទាំងសេចក្ដីបង្គាប់ និងច្បាប់ ហើយនឹងបញ្ញត្តទាំងប៉ុន្មាន ដែលអញបង្គាប់ឯងនៅថ្ងៃនេះ ដើម្បីនឹងប្រព្រឹត្តតាមចុះ។
12. បើសិនណា ជាឯងរាល់គ្នានឹងស្តាប់តាមអស់ទាំងបញ្ញត្តទាំងនេះ ព្រមទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសចំពោះឯង ជាសេចក្ដីដែលទ្រង់បានស្បថនឹងពួកអយ្យកោនៃឯង
13. ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចំរើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក និងផលពីដីឯងផង គឺជាស្រូវ និងទឹកទំពាំងបាយជូរហើយនឹងប្រេង ព្រមទាំងផលចំរើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោថា ទ្រង់នឹងឲ្យដល់ឯង
14. ឯងនឹងបានពរលើសជាងអស់ទាំងសាសន៍ឯទៀត នៅក្នុងពួកឯងនឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ
15. ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺ ដ៏អាក្រក់ណាមួយ របស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ