13. ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចំរើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក និងផលពីដីឯងផង គឺជាស្រូវ និងទឹកទំពាំងបាយជូរហើយនឹងប្រេង ព្រមទាំងផលចំរើនពីហ្វូងគោ និងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោថា ទ្រង់នឹងឲ្យដល់ឯង
14. ឯងនឹងបានពរលើសជាងអស់ទាំងសាសន៍ឯទៀត នៅក្នុងពួកឯងនឹងគ្មានប្រុស ឬស្រី សត្វឈ្មោល ឬញីណា នៅជាអារទេ
15. ព្រះយេហូវ៉ាទ្រង់នឹងដកអស់ទាំងជំងឺពីឯងចេញ ហើយទ្រង់មិនឲ្យឯងកើតមានជំងឺ ដ៏អាក្រក់ណាមួយ របស់ស្រុកអេស៊ីព្ទ ដែលឯងស្គាល់ហើយនោះទេ គឺនឹងដាក់ជំងឺទាំងនោះទៅលើពួកអ្នកទាំងប៉ុន្មានដែលស្អប់ឯងវិញ
16. ហើយឯងនឹងបានធ្វើឲ្យអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់មកឯង បានរោយរៀវទៅ ភ្នែកឯងមិនត្រូវប្រណីដល់គេឡើយ ក៏មិនត្រូវគោរពប្រតិបត្តិដល់ព្រះគេដែរ ដ្បិតនោះនឹងបានជាអន្ទាក់ដល់ឯងវិញ។
17. បើសិនជាឯងនឹកក្នុងចិត្តថា សាសន៍ទាំងនេះគេមានគ្នាច្រើនជាងអញ ធ្វើដូចម្តេចឲ្យអញចាប់យកស្រុករបស់គេបាន
18. នោះកុំឲ្យខ្លាចឡើយ ចូរនឹកតែពីអស់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើដល់ផារ៉ោន ហើយដល់ស្រុកអេស៊ីព្ទទាំងមូលប៉ុណ្ណោះចុះ
19. គឺពីការល្បងលយ៉ាងធំ ដែលភ្នែកឯងបានឃើញ និងទីសំគាល់ ហើយការអស្ចារ្យទាំងប៉ុន្មាន និងពីព្រះហស្តដ៏មានព្រះចេស្តា ហើយនឹងព្រះពាហុលើកសំរេច ដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានប្រើ ដើម្បីនឹងនាំឯងចេញមកនោះ គឺយ៉ាងនោះដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងធ្វើដល់គ្រប់អស់ទាំងសាសន៍ ដែលឯងខ្លាចនោះដែរ
20. មួយទៀត ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងចាត់ឪម៉ាល់ទៅកណ្តាលគេ ទាល់តែពួកគេដែលសល់នៅហើយពួននឹងឯង បានវិនាសចេញអស់ទៅ
21. មិនត្រូវឲ្យឯងភ័យខ្លាច ដោយព្រោះគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ទ្រង់គង់កណ្តាលពួកឯងហើយ
22. ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបណ្តេញសាសន៍ទាំងនោះ ចេញពីមុខឯងបន្តិចម្តងៗ មិនត្រូវឲ្យឯងរាល់គ្នាបំផ្លាញគេទាំងអស់ ដោយរហ័សពេកឡើយ ក្រែងសត្វព្រៃចំរើនឡើងដល់ឯងវិញ
23. ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រគល់គេមកឯង ហើយនឹងកំចាត់កំចាយគេ ដោយសេចក្ដីបាក់ភ្លូកយ៉ាងសំបើម ទាល់តែគេវិនាសបាត់អស់ទៅ
24. ហើយទ្រង់នឹងប្រគល់ពួកស្តេចគេមក ក្នុងកណ្តាប់ដៃឯងដែរ នោះឯងនឹងធ្វើឲ្យឈ្មោះគេរលាយបាត់ពីក្រោមមេឃចេញ នឹងគ្មានអ្នកណាអាចនឹងឈរនៅមុខឯងបានឡើយ ដរាបដល់ឯងបានបំផ្លាញគេអស់រលីងទៅ