9. ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។
10. កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបជាពួកអយ្យកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំហើយល្អ ដែលឯងមិនបានសង់
11. ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក និងស្រះជីកស្រាប់ ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត
12. នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
13. ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងស្បថដោយនូវព្រះនាមទ្រង់
14. មិនត្រូវឲ្យឯងរាល់គ្នាទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយ
15. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់គង់នៅកណ្តាលពួកឯង ទ្រង់ជាព្រះប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ជាព្រះនៃឯង បានក្តៅឡើងទាស់នឹងឯង រួចទ្រង់បំផ្លាញឯងរាល់គ្នាពីលើផែនដីនេះចេញទៅ។
16. កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ា ជាព្រះនៃឯងដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ
17. ត្រូវឲ្យកាន់អស់ពីចិត្ត តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងសេចក្ដីបន្ទាល់ និងច្បាប់ទាំងប៉ុន្មានដែលទ្រង់បានបង្គាប់មក
18. ក៏ត្រូវតែប្រព្រឹត្តការទៀងត្រង់ ហើយល្អនៅព្រះនេត្រព្រះយេហូវ៉ា ដើម្បីឲ្យបានសប្បាយ ហើយឲ្យបានចូលទៅទទួលយកស្រុកដ៏ល្អដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងថា
19. ទ្រង់នឹងបណ្តេញអស់ទាំងខ្មាំងសត្រូវពីមុខឯងចេញ ដូចជាព្រះយេហូវ៉ាបានសន្យាហើយ។
20. កាលណាដល់ថ្ងៃក្រោយ កូនឯងសួរថា អស់ទាំងទីបន្ទាល់ និងច្បាប់ ហើយបញ្ញត្តទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃយើង បានបង្គាប់មក តើមានន័យដូចម្តេច
21. នោះត្រូវឲ្យឆ្លើយថា ពីដើមយើងរាល់គ្នាជាបាវបំរើរបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាទ្រង់បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា
22. ហើយទ្រង់បានធ្វើទីសំគាល់ និងការអស្ចារ្យដ៏ជាធំ ហើយវេទនាផង ដល់ពួកស្រុកអេស៊ីព្ទ និងផារ៉ោន ព្រមទាំងវង្សារបស់ទ្រង់ផង នៅភ្នែកយើងរាល់គ្នា
23. ក៏បាននាំយើងចេញពីស្រុកនោះ ដើម្បីនឹងនាំចូលមក ឲ្យបានប្រទានស្រុកនេះមកយើង ជាស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោយើង