1. នេះជាសេចក្ដីបង្គាប់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាជាព្រះនៃឯងទ្រង់បានបង្គាប់មកឲ្យបង្រៀនដល់ឯង ដើម្បីឲ្យឯងបានប្រព្រឹត្តតាម នៅក្នុងស្រុកដែលនឹងឆ្លងចូលទៅទទួលយក
2. ប្រយោជន៍ឲ្យឯងបានកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយកាន់តាមគ្រប់ទាំងច្បាប់ និងបញ្ញត្តរបស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនេះ នៅអស់១ជីវិតរបស់ឯង និងកូនចៅឯងតរៀងទៅ ហើយឲ្យឯងបានអាយុជាយូរអង្វែងតទៅ
3. ដូច្នេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់ ហើយប្រយ័ត្ន និងប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានសប្បាយ ហើយចំរើនគ្នាជាច្រើនឡើងយ៉ាងសន្ធឹក នៅក្នុងស្រុកដែលមានទឹកដោះហើយនឹងទឹកឃ្មុំហូរហៀរ ដូចជាព្រះយេហូវ៉ាជាព្រះនៃពួកអយ្យកោឯង បានសន្យានឹងឯងហើយ។
4. ចូរស្តាប់ចុះ ឱអ៊ីស្រាអែលអើយ ព្រះយេហូវ៉ាជាព្រះនៃយើង គឺព្រះយេហូវ៉ាតែ១អង្គទ្រង់
5. ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង
6. សេចក្ដីទាំងនេះដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះត្រូវនៅជាប់ក្នុងចិត្តឯងចុះ
7. ត្រូវឲ្យប្រិតប្រៀនសេចក្ដីទាំងនេះដល់កូនចៅឯង ព្រមទាំងនិយាយដំណាល ក្នុងកាលដែលអង្គុយនៅក្នុងផ្ទះហើយដើរតាមផ្លូវ ក្នុងកាលដែលដេក ហើយក្រោកឡើងផង
8. ត្រូវចងសេចក្ដីទាំងនេះជាប់នៅដៃឯង ទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង
9. ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង។
10. កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបជាពួកអយ្យកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំហើយល្អ ដែលឯងមិនបានសង់
11. ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក និងស្រះជីកស្រាប់ ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត