8. កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីនោះផង
9. ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯងអញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង
10. តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។
11. កុំឲ្យចេញព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
12. ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
13. ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ
14. តែដល់ថ្ងៃទី៧ ជាថ្ងៃឈប់សំរាកនៃព្រះយេហូវ៉ា ជាព្រះនៃឯងវិញ នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឲ្យសោះ ទោះខ្លួនឯង ឬកូនប្រុសកូនស្រីឯង ទោះបាវប្រុស ឬបាវស្រីឯងក្តី ទោះគោ ឬលា ឬសត្វឯងណាមួយក្តី ឬអ្នកដទៃ ដែលនៅជាមួយនឹងឯងក្តី ដើម្បីឲ្យបាវប្រុសបាវស្រីឯងបានសំរាកដូចជាឯងដែរ
15. ចូរនឹកចាំថា ឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បាននាំចេញពីស្រុកនោះមក ដោយព្រះហស្តដ៏មានព្រះចេស្តា និងព្រះពាហុលើកសំរេច ហេតុដូច្នេះបានជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកឲ្យឯងកាន់ថ្ងៃឈប់សំរាកនេះ។
16. ចូរឲ្យគោរពប្រតិបត្តិដល់ឪពុកម្តាយឯង ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មក ដើម្បីឲ្យឯងបានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានមក។
17. កុំឲ្យសំឡាប់មនុស្សឲ្យសោះ។
18. កុំឲ្យផិតគ្នាឲ្យសោះ។
19. កុំឲ្យលួចប្លន់ឲ្យសោះ។
20. កុំឲ្យធ្វើជាទីបន្ទាល់ក្លែង ទាស់នឹងអ្នកជិតខាងឯងឡើយ។
21. កុំឲ្យលោភ ចង់បានប្រពន្ធរបស់អ្នកជិតខាងឯង ក៏កុំឲ្យចង់បានផ្ទះអ្នកជិតខាងឯង ឬចំការ ឬបាវប្រុសបាវស្រីគេ ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងឡើយ។
22. សេចក្ដីទាំងនេះ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលចេញពីកណ្តាលភ្លើង ពីពពក និងពីងងឹតសូន្យសុង នៅលើភ្នំ មកពួកជំនុំនៃឯងរាល់គ្នា ដោយសំឡេងយ៉ាងខ្លាំ ហើយមិនបានបន្ថែមអ្វីទៀតសោះ រួចទ្រង់ក៏កត់សេចក្ដីទាំងនេះនៅលើបន្ទះថ្ម២ផ្ទាំង ប្រទានមកអញ
23. កាលឯងរាល់គ្នាបានឮសំឡេងពីកណ្តាលងងឹតនោះ ក្នុងវេលាដែលភ្នំកំពុងតែឆេះ នោះឯងរាល់គ្នាបានមកឯអញ គឺពួកមេនៃពូជអំបូរឯង និងពួកចាស់ទុំផង
24. ដោយពាក្យថា មើល ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានបង្ហាញឲ្យយើងខ្ញុំឃើញសិរីល្អនៃទ្រង់ ហើយឲ្យបានស្គាល់តេជានុភាពនៃទ្រង់ យើងខ្ញុំក៏បានឮព្រះសៀងទ្រង់ចេញពីកណ្តាលភ្លើងមក នៅថ្ងៃនេះ យើងខ្ញុំបានឃើញថា ព្រះទ្រង់មានព្រះបន្ទូលនឹងមនុស្ស ហើយថា ទ្រង់មានព្រះជន្មរស់នៅ