ចោទិយ‌កថា 5:13-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ធ្វើ​អស់​ទាំង​ការ​របស់​ឯង​ចុះ

14. តែ​ដល់​ថ្ងៃ​ទី​៧ ជា​ថ្ងៃ​ឈប់​សំរាក​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​វិញ នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ ទោះ​ខ្លួន​ឯង ឬ​កូន​ប្រុស​កូន​ស្រី​ឯង ទោះ​បាវ​ប្រុស ឬ​បាវ​ស្រី​ឯង​ក្តី ទោះ​គោ ឬ​លា ឬ​សត្វ​ឯង​ណា​មួយ​ក្តី ឬ​អ្នក​ដទៃ ដែល​នៅ​ជា​មួយ​នឹង​ឯង​ក្តី ដើម្បី​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​ឯង​បាន​សំរាក​ដូច​ជា​ឯង​ដែរ

15. ចូរ​នឹក​ចាំ​ថា ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​នាំ​ចេញ​ពី​ស្រុក​នោះ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ​លើក​សំរេច ហេតុ​ដូច្នេះ​បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក​ឲ្យ​ឯង​កាន់​ថ្ងៃ​ឈប់​សំរាក​នេះ។

16. ចូរ​ឲ្យ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​មក ដើម្បី​ឲ្យ​ឯង​បាន​អាយុ​វែង ហើយ​ឲ្យ​បាន​សប្បាយ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក។

17. កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ។

18. កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ។

19. កុំ​ឲ្យ​លួច​ប្លន់​ឲ្យ​សោះ។

20. កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង ទាស់​នឹង​អ្នក​ជិត​ខាង​ឯង​ឡើយ។

21. កុំ​ឲ្យ​លោភ ចង់​បាន​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ក៏​កុំ​ឲ្យ​ចង់​បាន​ផ្ទះ​អ្នក​ជិត​ខាង​ឯង ឬ​ចំការ ឬ​បាវ​ប្រុស​បាវ​ស្រី​គេ ឬ​គោ លា ឬ​របស់​អ្វី​ផង​អ្នក​ជិត​ខាង​ឡើយ។

22. សេចក្ដី​ទាំង​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ចេញ​ពី​កណ្តាល​ភ្លើង ពី​ពពក និង​ពី​ងងឹត​សូន្យ‌សុង នៅ​លើ​ភ្នំ មក​ពួក​ជំនុំ​នៃ​ឯង​រាល់​គ្នា ដោយ​សំឡេង​យ៉ាង​ខ្លាំ ហើយ​មិន​បាន​បន្ថែម​អ្វី​ទៀត​សោះ រួច​ទ្រង់​ក៏​កត់​សេចក្ដី​ទាំង​នេះ​នៅ​លើ​បន្ទះ​ថ្ម​២​ផ្ទាំង ប្រទាន​មក​អញ

23. កាល​ឯង​រាល់​គ្នា​បាន​ឮ​សំឡេង​ពី​កណ្តាល​ងងឹត​នោះ ក្នុង​វេលា​ដែល​ភ្នំ​កំពុង​តែ​ឆេះ នោះ​ឯង​រាល់​គ្នា​បាន​មក​ឯ​អញ គឺ​ពួក​មេ​នៃ​ពូជ​អំបូរ​ឯង និង​ពួក​ចាស់‌ទុំ​ផង

24. ដោយ​ពាក្យ​ថា មើល ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់ ហើយ​ឲ្យ​បាន​ស្គាល់​តេជា‌នុភាព​នៃ​ទ្រង់ យើង​ខ្ញុំ​ក៏​បាន​ឮ​ព្រះ‌សៀង​ទ្រង់​ចេញ​ពី​កណ្តាល​ភ្លើង​មក នៅ​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​ថា ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​មនុស្ស ហើយ​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ

25. ដូច្នេះ តើ​ហេតុ​ដូច​ម្តេច បាន​ជា​យើង​រាល់​គ្នា​ត្រូវ​ស្លាប់​ឥឡូវ​នេះ ដ្បិត​ភ្លើង​ធំ​នេះ និង​ឆេះ​បន្សុស​យើង​រាល់​គ្នា​អស់​រលីង​ទៅ បើ‌សិន​ជា​យើង​ខ្ញុំ​ឮ​ព្រះ‌សៀង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទៀត នោះ​យើង​រាល់​គ្នា​នឹង​ស្លាប់​ហើយ

26. ដ្បិត​តើ​មាន​អ្នក​ឯ​ណា​ក្នុង​បណ្តា​អស់​ទាំង​មនុស្ស ដែល​ឮ​ព្រះ‌សៀង​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​កណ្តាល​ភ្លើង​មក ដូច​ជា​យើង​ខ្ញុំ​បាន​ឮ​នេះ ហើយ​បាន​រស់​នៅ​ដូច្នេះ

27. សូម​ឲ្យ​លោក​ចូល​ទៅ​ជិត​ស្តាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក រួច​សូម​លោក​ប្រាប់​មក​យើង​ខ្ញុំ ពី​គ្រប់​ទាំង​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក នោះ​យើង​ខ្ញុំ​នឹង​ស្តាប់ ហើយ​ប្រព្រឹត្ត​តាម​ផង។

28. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ​ពាក្យ​របស់​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​បាន​និយាយ​មក​អញ​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា អញ​បាន​ឮ​ពាក្យ​របស់​បណ្តា‌ជន​ទាំង​នេះ ដែល​គេ​និយាយ​មក​ឯង​ដែរ សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​និយាយ​នោះ​ក៏​ស្រួល​ហើយ

ចោទិយ‌កថា 5