35. ការទាំងនោះបានសំដែងមកឲ្យឯងឃើញ ដើម្បីឲ្យឯងបានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ក្រៅពីទ្រង់ នោះគ្មានព្រះឯណាទៀតឡើយ
36. ទ្រង់ធ្វើឲ្យឯងឮព្រះសៀងទ្រង់ពីលើមេឃ ដើម្បីនឹងបង្រៀនឯង ហើយលើផែនដី ទ្រង់បានឲ្យឃើញភ្លើងដ៏ធំរបស់ទ្រង់ ឯងក៏បានឮព្រះបន្ទូលទ្រង់ចេញពីកណ្តាលភ្លើងនោះមក
37. ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកអយ្យកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់
38. ដើម្បីនឹងបណ្តេញអស់ទាំងសាសន៍ដែលធំ ហើយពូកែជាងឯង ពីមុខឯងចេញ ឲ្យបាននាំឯងចូលទៅ ប្រយោជន៍នឹងឲ្យស្រុកគេ ទុកជាមរដកដល់ឯង ដូចជាមានសព្វថ្ងៃនេះ
39. ដូច្នេះ ចូរដឹងនៅថ្ងៃនេះ ហើយកំណត់ទុកក្នុងចិត្តចុះថា ព្រះយេហូវ៉ា ទ្រង់ជាព្រះនៅលើស្ថានសួគ៌ ហើយនៅផែនដីនេះផង គ្មានព្រះឯណាទៀតសោះឡើយ
40. ត្រូវឲ្យឯងរាល់គ្នារក្សាអស់ទាំងបញ្ញត្តច្បាប់របស់ទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីឲ្យបានសប្បាយ ព្រមទាំងកូនចៅឯងតរៀងទៅផង ហើយឲ្យបានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកឲ្យឯងបាននៅជាដរាប។
41. នៅគ្រានោះ ម៉ូសេក៏ញែកទីក្រុង៣នៅត្រើយទន្លេយ័រដាន់ ទិសខាងកើត
42. សំរាប់ឲ្យអ្នកណាដែលសំឡាប់អ្នកជិតខាងខ្លួន មិនប្រកបដោយចិត្តប៉ង ហើយដែលមិនបានស្អប់អ្នកនោះពីកាលមុន បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ហើយឲ្យបានរស់នៅដោយរត់ទៅជ្រកកោននៅទីក្រុងណាមួយនោះ
43. ទីក្រុងទាំងនោះ គឺក្រុងបេស៊ើរ១ ដែលនៅទីរហោស្ថាន នាស្រុកវាល សំរាប់ពួករូបេន និងទីក្រុងរ៉ាម៉ូត១ នៅស្រុកកាឡាត សំរាប់ពួកកាឌ់ ហើយទីក្រុងកូឡាន១ នៅស្រុកបាសាន សំរាប់ពួកម៉ាន៉ាសេ។
44. នេះគឺជាក្រឹត្យវិន័យ ដែលម៉ូសេបានដាក់នៅមុខពួកកូនចៅអ៊ីស្រាអែល
45. ហើយនេះជាសេចក្ដីបន្ទាល់ ជាច្បាប់ ហើយជាបញ្ញត្តទាំងប៉ុន្មាន ដែលម៉ូសេបានប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ក្នុងកាលដែលគេចេញពីស្រុកអេស៊ីព្ទមក
46. គឺនៅខាងអាយទន្លេយ័រដាន់ ត្រង់ច្រកភ្នំ ទល់មុខនឹងបេត-ពេអរ ក្នុងស្រុករបស់ស៊ីហុនជាស្តេចសាសន៍អាម៉ូរី ដែលនៅក្រុងហែសបូន ជាអ្នកដែលម៉ូសេ និងពួកកូនចៅអ៊ីស្រាអែលបានវាយ ពីកាលគេចេញពីស្រុកអេស៊ីព្ទមក
47. គេក៏ចាប់យកស្រុករបស់ស្តេចនោះ និងស្រុករបស់អុក ជាស្តេចស្រុកបាសាន គឺជាស្តេចសាសន៍អាម៉ូរីទាំង២ ដែលនៅត្រើយទន្លេយ័រដាន់ ទិសខាងកើតទុកជារបស់ផងគេ
48. ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន (គឺជាភ្នំហ៊ើម៉ូន)
49. ហើយស្រុកវាលទាំងមូលដែលនៅត្រើយទន្លេយ័រដាន់ខាងកើត រហូតដល់សមុទ្រស្រុកវាល ត្រង់ជើងភ្នំពីសកាផង។