24. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាភ្លើងឆេះបន្សុស គឺជាព្រះប្រចណ្ឌ។
25. កាលណាបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
26. នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះ ជាមិនខាន និងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ
27. ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរ ដែលព្រះយេហូវ៉ា និងនាំឯងទៅនៅនោះ
28. ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ
29. ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង
30. កាលណាឯងកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់
31. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្ដីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងឡើយ។
32. ចូរស៊ើបសួររក ពីអស់ទាំងថ្ងៃកន្លងទៅហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី
33. តើដែលមានសាសន៍ណាឮព្រះសៀងនៃព្រះ ដែលទ្រង់មានព្រះបន្ទូលពីកណ្តាលភ្លើងមក ដូចជាឯងបានឮ ហើយបានរស់នៅឬទេ
34. ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍១សំរាប់អង្គទ្រង់ ពីកណ្តាលសាសន៍១ទៀត ដោយសារការល្បងទីសំគាល់ និងការអស្ចារ្យ ដោយចំបាំង ដោយព្រះហស្តដ៏មានព្រះចេស្តា និងដោយព្រះពាហុលើកសំរេច ហើយដោយការគួរស្ញែងខ្លាចជាធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានធ្វើ ជាប្រយោជន៍ដល់ឯងនៅស្រុកអេស៊ីព្ទ ឲ្យឯងឃើញផងឬទេ
35. ការទាំងនោះបានសំដែងមកឲ្យឯងឃើញ ដើម្បីឲ្យឯងបានដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ ក្រៅពីទ្រង់ នោះគ្មានព្រះឯណាទៀតឡើយ
36. ទ្រង់ធ្វើឲ្យឯងឮព្រះសៀងទ្រង់ពីលើមេឃ ដើម្បីនឹងបង្រៀនឯង ហើយលើផែនដី ទ្រង់បានឲ្យឃើញភ្លើងដ៏ធំរបស់ទ្រង់ ឯងក៏បានឮព្រះបន្ទូលទ្រង់ចេញពីកណ្តាលភ្លើងនោះមក
37. ហើយដោយព្រោះទ្រង់បានស្រឡាញ់ពួកអយ្យកោឯង បានជាទ្រង់រើសយកពូជគេតៗមក ព្រមទាំងនាំឯងចេញពីស្រុកអេស៊ីព្ទមកនៅចំពោះទ្រង់ ដោយព្រះចេស្តាដ៏ជាធំរបស់ទ្រង់