18. ឬរូបសត្វណាដែលលូនវានៅដី ឬរូបត្រីណាដែលនៅក្នុងទឹកក្តី
19. ហើយក្រែងឯងរាល់គ្នាងើបភ្នែក មើលទៅលើមេឃវេលាណាឃើញថ្ងៃ ខែ និងអស់ទាំងផ្កាយ គឺគ្រប់ទាំងរបស់ដែលមានជាបរិបូរនៅលើមេឃ នោះឯងរាល់គ្នាមានសេចក្ដីល្បួងប្រទាញចេញទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិដល់របស់ទាំងនោះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកឲ្យគ្រប់ទាំងសាសន៍ នៅក្រោមផ្ទៃមេឃវិញ
20. តែព្រះយេហូវ៉ាបាននាំយកឯង ចេញពីគុករំលាយដែកនៅស្រុកអេស៊ីព្ទមក ដើម្បីឲ្យបានធ្វើជារាស្ត្រដ៏ជាមរដកទ្រង់ ដូចជាសព្វថ្ងៃនេះ។
21. ព្រះយេហូវ៉ាទ្រង់ក៏ខ្ញាល់នឹងអញ ដោយព្រោះឯងរាល់គ្នាដែរ ហើយទ្រង់ស្បថមិនឲ្យអញឆ្លងទន្លេយ័រដាន់ចូលទៅក្នុងស្រុកល្អ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដករបស់ឯងនោះទេ
22. គឺអញត្រូវស្លាប់នៅស្រុកនេះ អញមិនត្រូវឆ្លងទន្លេយ័រដាន់នេះទៅឡើយ តែឯងរាល់គ្នានឹងឆ្លងទៅ ទទួលយកស្រុកល្អនោះវិញ
23. ដូច្នេះចូរប្រយ័ត្នខ្លួនចុះ ក្រែងភ្លេចសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់បានតាំងនឹងពួកឯង រួចងាកបែរទៅឆ្លាក់ធ្វើរូបមានរាងដូចរបស់យ៉ាងណាដែលព្រះយេហូវ៉ា ជាព្រះនៃឯងទ្រង់បានហាមប្រាមមិនឲ្យធ្វើ
24. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាភ្លើងឆេះបន្សុស គឺជាព្រះប្រចណ្ឌ។
25. កាលណាបាននៅស្រុកនោះជាយូរអង្វែង ព្រមទាំងបង្កើតកូនចៅ ហើយបង្ខូចខ្លួនទៅជាឆ្លាក់ធ្វើរូបមានរាងដូចរបស់ណាមួយ ក៏ប្រព្រឹត្តការអ្វីដែលអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះនៃឯង ជាការដែលបណ្តាលឲ្យទ្រង់ខ្ញាល់ឡើង
26. នោះអញអាងដល់ស្ថានសួគ៌ ហើយនឹងផែនដី ឲ្យធ្វើជាទីបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា បន្តិចទៀត ឯងរាល់គ្នាត្រូវវិនាសអស់រលីង ចេញពីស្រុកដែលឯងឆ្លងទន្លេយ័រដាន់ ចូលទៅទទួលយកនោះ ជាមិនខាន និងធ្វើឲ្យនៅយូរអង្វែងតទៅទៀតមិនបាន គឺនឹងត្រូវវិនាសទៅទាំងអស់គ្នាវិញ
27. ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯងរាល់គ្នាទៅ ឲ្យនៅគ្រប់ទាំងសាសន៍ ឯងនឹងនៅមានតែគ្នាតិច ក្នុងគ្រប់ទាំងនគរ ដែលព្រះយេហូវ៉ា និងនាំឯងទៅនៅនោះ
28. ហើយនៅស្រុកទាំងនោះ ឯងនឹងគោរពប្រតិបត្តិដល់ព្រះផ្សេងៗ ដែលធ្វើពីឈើ ឬពីថ្មដោយដៃមនុស្ស ជារូបដែលមិនអាចនឹងមើលឃើញស្តាប់ឮ ឬទទួលអាហារ ឬដឹងក្លិនឡើយ
29. ប៉ុន្តែនៅទីនោះឯងនឹងស្វែងរកព្រះយេហូវ៉ា ជាព្រះនៃឯង ហើយនឹងឃើញទ្រង់ ក្នុងកាលដែលរកទ្រង់អស់ពីចិត្ត ហើយអស់ពីព្រលឹងឯងផង
30. កាលណាឯងកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់ឯង នោះនៅគ្រាចុងបំផុត ឯងនឹងត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ហើយនឹងស្តាប់តាមព្រះបន្ទូលទ្រង់
31. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ជាព្រះដ៏មានសេចក្ដីមេត្តាករុណា ទ្រង់មិនខាននឹងប្រោសឯងទេ ក៏មិនបំផ្លាញឯង ឬភ្លេចសេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកអយ្យកោឯងឡើយ។
32. ចូរស៊ើបសួររក ពីអស់ទាំងថ្ងៃកន្លងទៅហើយដែលមានតាំងពីមុនឯងមក គឺចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ហើយពីជើងមេឃម្ខាងទៅដល់ជើងមេឃម្ខាងផង តើដែលមានការដ៏ធំយ៉ាងនេះ ឬដែលមានឮនិយាយពីការយ៉ាងនេះឬអី