9. គេបាននិយាយពីឪពុកម្តាយគេថា ខ្ញុំមិនបានឃើញគាត់ទេ គេក៏មិនបានទទួលស្គាល់ពួកបងប្អូន ឬស្គាល់ដល់កូនខ្លួនបង្កើតដែរ ដ្បិតគេបានកាន់តាមព្រះបន្ទូលនៃទ្រង់ ព្រមទាំងរក្សាសេចក្ដីសញ្ញារបស់ទ្រង់ផង
10. គេនឹងបង្រៀនយ៉ាកុប ពីអស់ទាំងបញ្ញត្តរបស់ទ្រង់ ហើយបង្ហាត់អ៊ីស្រាអែល តាមក្រឹត្យវិន័យទ្រង់ គេនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ ហើយនឹងដង្វាយដែលដុតទាំងមូលនៅលើអាសនាទ្រង់ដែរ
11. ឱព្រះយេហូវ៉ាអើយ សូមប្រទានពរដល់អំណាចគេ ហើយទទួលការដែលដៃគេធ្វើ សូមបំបាក់ចង្កេះពួកអ្នកដែលលើកគ្នាទាស់នឹងគេ ព្រមទាំងពួកអ្នកដែលស្អប់គេដែរ ដើម្បីកុំឲ្យបានក្រោកឡើងវិញរួចឡើយ។
12. ឯចំណែកពួកបេនយ៉ាមីន នោះក៏ថា អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់។
13. ឯពួកយ៉ូសែប នោះក៏ថា ស្រុកគេមានពរពីព្រះយេហូវ៉ា ជារបស់ថ្លៃវិសេសពីលើមេឃ គឺជាទឹកសន្សើម ហើយពីទីជំរៅនៅខាងក្រោមផង
14. និងផលថ្លៃវិសេសដែលកើតដោយសារថ្ងៃ ហើយផលថ្លៃវិសេស ដែលកើតដោយសារខែ
15. ជារបស់ថ្លៃវិសេសនៅភ្នំចាស់បុរាណ និងផលថ្លៃវិសេសនៅភ្នំតូចដ៏នៅអស់កល្បជានិច្ច
16. និងផលថ្ងៃវិសេស ដែលកើតពីដីដ៏មានជាបរិបូរ ហើយនឹងព្រះគុណនៃព្រះ ដែលទ្រង់គង់នៅគុម្ពបន្លា
17. ឯកូនគោរបស់គេដែលកើតជាដំបូង នោះមានស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងនៃទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន ហើយនឹងពួកម៉ាន៉ាសេទាំងពាន់ទាំងម៉ឺនដែរ។
18. ឯពួកសាប់យូល៉ូន នោះក៏ថា ឱសាប់យូល៉ូនអើយ ចូរអរសប្បាយក្នុងកាលដែលឯងចេញទៅ ហើយអ៊ីសាខារអើយ ចូរអរសប្បាយនៅក្នុងត្រសាលឯងចុះ
19. គេនឹងហៅអស់ទាំងពួកជនឲ្យទៅឯភ្នំ ដើម្បីនឹងថ្វាយយញ្ញបូជាសុចរិតនៅទីនោះ ដ្បិតគេនឹងជញ្ជក់ផលបរិបូរពីសមុទ្រ និងទ្រព្យសម្បត្តិលាក់កំបាំងពីខ្សាច់។
20. ឯពួកកាឌ់ នោះក៏ថា សូមសរសើរដល់ព្រះដែលទ្រង់ពង្រីកឲ្យកាឌ់បានធំទូលាយ គេនៅដូចជាសិង្ហញី ហើយក៏ហែកដៃ នឹងក្រយៅក្បាលផង
21. គេបានរើសយកចំណែកដំបូងសំរាប់ខ្លួន ដ្បិតនៅទីនោះមានចំណែករបស់អ្នកដែលតែងច្បាប់ គេបានមកជាមួយនឹងពួកមេលើបណ្តាជន ក៏បានសំរេចការតាមសេចក្ដីសុចរិតនៃព្រះយេហូវ៉ា ហើយតាមបញ្ញត្តដែលទ្រង់តាំងនឹងពួកអ៊ីស្រាអែល។
22. ឯពួកដាន់ នោះក៏ថា ដាន់ជាកូនសិង្ហ ដែលបានហក់ពីស្រុកបាសានមក។
23. ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។