3. តែទ្រង់ក៏ស្រឡាញ់ដល់រាស្ត្រទ្រង់ដែរ ពួកបរិសុទ្ធរបស់ទ្រង់ សុទ្ធតែនៅជាប់ក្នុងព្រះហស្តទ្រង់ គេបានអង្គុយនៅទៀបព្រះបាទ ហើយទទួលព្រះបន្ទូលនៃទ្រង់
4. ម៉ូសេបានឲ្យក្រឹត្យវិន័យមកយើងរាល់គ្នា គឺជាមរដក សំរាប់ពួកជំនុំនៃយ៉ាកុប
5. លោកជាស្តេចនៅក្នុងពួកយេស៊ូរុន ក្នុងកាលដែលពួកមេលើរាស្ត្របានប្រមូលគ្នា ព្រមទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង។
6. សូមឲ្យរូបេនរស់នៅ កុំឲ្យស្លាប់ឡើយ ក៏កុំឲ្យពួកគេមានគ្នាតិចដែរ។
7. ឯពួកយូដា នោះបានពរដូច្នេះថា ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យរបស់យូដា ហើយនាំគេចូលទៅឯសាសន៍ខ្លួន សូមឲ្យដៃគេបានល្មមនឹងខ្លួន ហើយសូមទ្រង់ជួយទាស់ចំពោះពួកតតាំងនឹងគេផង។
8. ម៉ូសេក៏និយាយពីពួកលេវីថា ឯធូមីម និងយូរីមរបស់ទ្រង់ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់ ដែលទ្រង់បានល្បងលនៅត្រង់ម៉ាសា ហើយទ្រង់បានតនឹងគេត្រង់ទឹកមេរីបា
9. គេបាននិយាយពីឪពុកម្តាយគេថា ខ្ញុំមិនបានឃើញគាត់ទេ គេក៏មិនបានទទួលស្គាល់ពួកបងប្អូន ឬស្គាល់ដល់កូនខ្លួនបង្កើតដែរ ដ្បិតគេបានកាន់តាមព្រះបន្ទូលនៃទ្រង់ ព្រមទាំងរក្សាសេចក្ដីសញ្ញារបស់ទ្រង់ផង
10. គេនឹងបង្រៀនយ៉ាកុប ពីអស់ទាំងបញ្ញត្តរបស់ទ្រង់ ហើយបង្ហាត់អ៊ីស្រាអែល តាមក្រឹត្យវិន័យទ្រង់ គេនឹងដុតគ្រឿងក្រអូបនៅចំពោះទ្រង់ ហើយនឹងដង្វាយដែលដុតទាំងមូលនៅលើអាសនាទ្រង់ដែរ
11. ឱព្រះយេហូវ៉ាអើយ សូមប្រទានពរដល់អំណាចគេ ហើយទទួលការដែលដៃគេធ្វើ សូមបំបាក់ចង្កេះពួកអ្នកដែលលើកគ្នាទាស់នឹងគេ ព្រមទាំងពួកអ្នកដែលស្អប់គេដែរ ដើម្បីកុំឲ្យបានក្រោកឡើងវិញរួចឡើយ។