36. ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងកាត់សេចក្ដីឲ្យរាស្ត្រទ្រង់បានរួច ព្រមទាំងអាណិតមេត្តាដល់ពួកបាវបំរើរបស់ទ្រង់ ក្នុងកាលដែលទ្រង់ទតឃើញថា កំឡាំងរបស់គេបាត់អស់រលីង ឥតមានអ្នកណានៅសល់ឡើយ ទោះទាំងខ្ញុំកំដរ និងអ្នកជាផង
37. នោះទ្រង់នឹងមានព្រះបន្ទូលថា អស់ទាំងព្រះរបស់គេ គឺជាថ្មដានោះ ដែលគេបានយកជាទីពឹង តើនៅឯណា
38. ជាព្រះដែលបានទទួលខ្លាញ់នៃយញ្ញបូជារបស់គេ ព្រមទាំងផឹកស្រាទំពាំងបាយជូរនៃដង្វាយច្រួចរបស់គេ ចូរឲ្យព្រះទាំងនោះក្រោកឡើងជួយឯងចុះ ហើយការពារឯងទៅ
39. ដូច្នេះចូរឯងដឹងថា គឺអញនេះហើយដែលជាព្រះ គ្មានព្រះឯណាទៀតក្រៅពីអញឡើយ អញជាអ្នកសំឡាប់ ហើយជាអ្នកប្រោសឲ្យរស់ អញជាអ្នកវាយឲ្យមានរបួស ហើយជាអ្នកមើលឲ្យជាផង គ្មានអ្នកណានឹងដោះឲ្យរួចពីកណ្តាប់ដៃអញបានឡើយ
40. ដ្បិតអញលើកដៃអញទៅឯស្ថានសួគ៌ ស្បថដោយនូវព្រះជន្មអញដ៏នៅអស់កល្បជានិច្ចថា
41. បើសិនជាអញសំលៀងដាវរបស់អញដ៏ភ្លឺផ្លេកៗ ហើយដៃអញចាប់កាន់សេចក្ដីយុត្តិធម៌វេលាណា នោះអញនឹងសងសឹកចំពោះពួកអ្នកដែលតតាំងនឹងអញ ហើយនឹងសងដល់ពួកអ្នក ដែលស្អប់អញជាមិនខាន
42. អញនឹងធ្វើឲ្យព្រួញអញស្រវឹងដោយឈាម ហើយឲ្យដាវអញត្របាក់ស៊ីសាច់ផង គឺដោយឈាមនៃពួកអ្នកដែលត្រូវគេសំឡាប់ព្រមទាំងពួកឈ្លើយ ចាប់តាំងពីដើមនៃការសងសឹក ដល់ពួកខ្មាំងសត្រូវជារហូតទៅ
43. ឱអស់ទាំងសាសន៍អើយ ចូរសរសើរដល់រាស្ត្រទ្រង់ចុះ ដ្បិតទ្រង់នឹងសងសឹកចំពោះឈាមពួកបាវបំរើទ្រង់ គឺនឹងសងដល់ពួកអ្នកដែលតតាំងនឹងទ្រង់ ហើយនឹងធ្វើឲ្យធួននឹងស្រុកទ្រង់ ព្រមទាំងរាស្ត្រទ្រង់ផង។
44. ម៉ូសេ ព្រមទាំងយ៉ូស្វេ ជាកូននុន ក៏មកប្រាប់អស់ទាំងពាក្យរបស់ទំនុកនេះ ដល់បណ្តាជនទាំងអស់គ្នា ឲ្យបានស្តាប់
45. កាលម៉ូសេបានប្រាប់ពាក្យទាំងនេះ ដល់សាសន៍អ៊ីស្រាអែលទាំងអស់ស្រេចហើយ
46. នោះលោកក៏មានប្រសាសន៍ថា ចូរយកចិត្តទុកដាក់នឹងពាក្យទាំងអស់ដែលអញបានប្រាប់ដល់ឯងរាល់គ្នានៅថ្ងៃនេះចុះ ដើម្បីនឹងបង្គាប់ដល់កូនចៅឯងរាល់គ្នា ឲ្យប្រយ័ត្ននឹងប្រព្រឹត្តតាមដែរ គឺជាអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ
47. នេះមិនមែនជាសេចក្ដីឥតប្រយោជន៍ដល់ឯងរាល់គ្នាទេ គឺជាជីវិតដល់ឯងរាល់គ្នាវិញ ហើយដោយសារសេចក្ដីនេះ នោះឯងរាល់គ្នានឹងបានជីវិតជាយូរអង្វែងតទៅ នៅក្នុងស្រុកដែលឯងរាល់គ្នា នឹងឆ្លងទន្លេយ័រដាន់ចូលទៅចាប់យកនោះ។
48. នៅថ្ងៃនោះឯង ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ដល់ម៉ូសេថា
49. ចូរឡើងតាមភ្នំអាបារីមនេះ ទៅដល់កំពូលភ្នំនេបូរ ដែលនៅក្នុងស្រុកម៉ូអាប់ ទល់មុខនឹងយេរីខូរ ហើយមើលទៅឯស្រុកកាណាន ដែលអញឲ្យ ទុកជាកេរអាករ ដល់ពួកកូនចៅអ៊ីស្រាអែលចុះ
50. រួចស្លាប់នៅលើភ្នំដែលឯងឡើងនោះទៅ ឯងនឹងបានប្រមូលទៅមូលនឹងពួកអយ្យកោឯង ដូចជាអើរ៉ុនបងឯងបានស្លាប់នៅលើភ្នំហោរ ហើយបានប្រមូលទៅមូលនឹងពួកអយ្យកោដែរ។
51. គឺដោយព្រោះឯងបានរំលងទាស់នឹងអញ នៅក្នុងពួកកូនចៅអ៊ីស្រាអែល ត្រង់ទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន ពីព្រោះឯងមិនបានលើកអញជាបរិសុទ្ធ នៅកណ្តាលពួកកូនចៅអ៊ីស្រាអែលទេ
52. ឯងនឹងមើលស្រុកនៅមុខឯងឃើញ តែមិនបានចូលទៅក្នុងស្រុក ដែលអញឲ្យដល់ពួកកូនចៅអ៊ីស្រាអែលនោះទេ។