ចោទិយ‌កថា 32:28-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. ដ្បិត​គេ​ជា​សាសន៍​ដែល​ឥត​មាន​សេចក្ដី​ដំបូន្មាន គេ​គ្មាន​យោបល់​នៅ​ក្នុង​ខ្លួន​សោះ។

29. ឱ​បើ​គេ​មាន​ប្រាជ្ញា ហើយ​បាន​យល់​សេចក្ដី​នេះ ឱ​បើ​គេ​នឹង​ពិចារណា​ពី​ចុង​បំផុត​របស់​គេ​ទៅ​អេះ

30. ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់​ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ

31. ដ្បិត​ថ្មដា​របស់​គេ មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង

32. ដ្បិត​គល់​របស់​គេ គឺ​ជា​គល់​របស់​ក្រុង​សូដុំម ហើយ​ក៏​មក​ពី​ចំការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ផ្លែ​មាន​រស​ពុល ចង្កោម​គេ​ក៏​ជូរ​ចត់​ដែរ

33. ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង

34. នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី

35. គឺ​សេចក្ដី​សង‌សឹក និង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង

36. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​សេចក្ដី​ឲ្យ​រាស្ត្រ​ទ្រង់​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បំរើ​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ទត​ឃើញ​ថា កំឡាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង

37. នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ព្រះ​របស់​គេ គឺ​ជា​ថ្មដា​នោះ ដែល​គេ​បាន​យក​ជា​ទី​ពឹង តើ​នៅ​ឯ​ណា

38. ជា​ព្រះ​ដែល​បាន​ទទួល​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​គេ ព្រម​ទាំង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នៃ​ដង្វាយ​ច្រួច​របស់​គេ ចូរ​ឲ្យ​ព្រះ​ទាំង​នោះ​ក្រោក​ឡើង​ជួយ​ឯង​ចុះ ហើយ​ការ‌ពារ​ឯង​ទៅ

39. ដូច្នេះ​ចូរ​ឯង​ដឹង​ថា គឺ​អញ​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​អញ​ឡើយ អញ​ជា​អ្នក​សំឡាប់ ហើយ​ជា​អ្នក​ប្រោស​ឲ្យ​រស់ អញ​ជា​អ្នក​វាយ​ឲ្យ​មាន​របួស ហើយ​ជា​អ្នក​មើល​ឲ្យ​ជា​ផង គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឡើយ

40. ដ្បិត​អញ​លើក​ដៃ​អញ​ទៅ​ឯ​ស្ថាន‌សួគ៌ ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​អញ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​ថា

41. បើ‌សិន​ជា​អញ​សំលៀង​ដាវ​របស់​អញ​ដ៏​ភ្លឺ‌ផ្លេកៗ ហើយ​ដៃ​អញ​ចាប់​កាន់​សេចក្ដី​យុត្តិ‌ធម៌​វេលា​ណា នោះ​អញ​នឹង​សង‌សឹក​ចំពោះ​ពួក​អ្នក​ដែល​ត​តាំង​នឹង​អញ ហើយ​នឹង​សង​ដល់​ពួក​អ្នក ដែល​ស្អប់​អញ​ជា​មិន​ខាន

42. អញ​នឹង​ធ្វើ​ឲ្យ​ព្រួញ​អញ​ស្រវឹង​ដោយ​ឈាម ហើយ​ឲ្យ​ដាវ​អញ​ត្របាក់​ស៊ី​សាច់​ផង គឺ​ដោយ​ឈាម​នៃ​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់​ព្រម​ទាំង​ពួក​ឈ្លើយ ចាប់​តាំង​ពី​ដើម​នៃ​ការ​សង‌សឹក ដល់​ពួក​ខ្មាំង​សត្រូវ​ជា​រហូត​ទៅ

ចោទិយ‌កថា 32