ចោទិយ‌កថា 32:26-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. អញ​បាន​ប្រាប់​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ឲ្យ​ទៅ​ជា​ឆ្ងាយ អញ​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​គេ ចេញ​ពី​ពួក​មនុស្ស​លោក​ទៅ

27. តែ​អញ​ខ្លាច​ការ​បង្អុច‌បង្អាល​របស់​ពួក​ខ្មាំង​សត្រូវ​គេ ក្រែង​ពួក​ទាស់​ទទឹង​ទាំង​នោះ បាន​មើល‌ងាយ​ហើយ​ក្រែង​គេ​ថា ដៃ​យើង​បាន​ឈ្នះ​ទេ មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ការ​ទាំង​នេះ​ឡើយ

28. ដ្បិត​គេ​ជា​សាសន៍​ដែល​ឥត​មាន​សេចក្ដី​ដំបូន្មាន គេ​គ្មាន​យោបល់​នៅ​ក្នុង​ខ្លួន​សោះ។

29. ឱ​បើ​គេ​មាន​ប្រាជ្ញា ហើយ​បាន​យល់​សេចក្ដី​នេះ ឱ​បើ​គេ​នឹង​ពិចារណា​ពី​ចុង​បំផុត​របស់​គេ​ទៅ​អេះ

30. ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​តែ​ម្នាក់​ដេញ​ដល់​១​ពាន់​នាក់ ឬ​២​នាក់​ធ្វើ​ឲ្យ​១​ម៉ឺន​នាក់​រត់​ទៅ​បាន លើក​តែ​ព្រះ​ដ៏​ជា​ថ្មដា​របស់​ពួក​នោះ​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គេ​ទៅ​ប៉ុណ្ណោះ

31. ដ្បិត​ថ្មដា​របស់​គេ មិន​ដូច​ជា​ថ្មដា​របស់​យើង​នោះ​ទេ គឺ​ជា​ពួក​ខ្មាំង​សត្រូវ​នឹង​យើង ដែល​ធ្វើ​បន្ទាល់​ថា​ដូច្នោះ​ផង

32. ដ្បិត​គល់​របស់​គេ គឺ​ជា​គល់​របស់​ក្រុង​សូដុំម ហើយ​ក៏​មក​ពី​ចំការ​របស់​ក្រុង​កូម៉ូរ៉ា ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ផ្លែ​មាន​រស​ពុល ចង្កោម​គេ​ក៏​ជូរ​ចត់​ដែរ

33. ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមាន​ផង

34. នេះ​តើ​មិន​មែន​ដាក់​ទុក​នឹង​អញ​ព្រម​ទាំង​បិទ​ត្រា នៅ​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ​អញ​ទេ​ឬ​អី

35. គឺ​សេចក្ដី​សង‌សឹក និង​សេចក្ដី​សង​គុណ នោះ​ស្រេច​នៅ​អញក្នុង​កាល​ដែល​ជើង​គេ​រអិល​ភ្លាត់ ដ្បិត​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ នោះ​ជិត​មក​ដល់ ហើយ​ការ​ដែល​ត្រូវ​មក​លើ​គេ​ក៏​មក​ជា​ឆាប់​ផង

ចោទិយ‌កថា 32