24. គេឆេះត្រូវរីងរៃទៅដោយឃ្លាន ហើយរោយរៀវទៅដោយអំណាចក្តៅ និងសេចក្ដីហិនវិនាសដ៏ជូរចត់ ហើយអញនឹងចាត់សត្វព្រៃទៅខាំគេ ព្រមទាំងសត្វលូនវារនៅដីឲ្យទៅចឹកផង
25. ឯខាងក្រៅ នោះដាវនឹងបង្អត់ ហើយក្នុងបន្ទប់ខាងក្នុង នោះនឹងមានសេចក្ដីស្ញែងខ្លាច ដល់ទាំងមនុស្សកំឡោះ និងស្រីក្រមុំ ហើយទាំងកូនដែលនៅបៅដោះ និងមនុស្សសក់ស្កូវផង
26. អញបានប្រាប់ថា អញនឹងកំចាត់កំចាយគេឲ្យទៅជាឆ្ងាយ អញនឹងបំបាត់សេចក្ដីនឹកចាំពីគេ ចេញពីពួកមនុស្សលោកទៅ
27. តែអញខ្លាចការបង្អុចបង្អាលរបស់ពួកខ្មាំងសត្រូវគេ ក្រែងពួកទាស់ទទឹងទាំងនោះ បានមើលងាយហើយក្រែងគេថា ដៃយើងបានឈ្នះទេ មិនមែនជាព្រះយេហូវ៉ាដែលធ្វើការទាំងនេះឡើយ
28. ដ្បិតគេជាសាសន៍ដែលឥតមានសេចក្ដីដំបូន្មាន គេគ្មានយោបល់នៅក្នុងខ្លួនសោះ។
29. ឱបើគេមានប្រាជ្ញា ហើយបានយល់សេចក្ដីនេះ ឱបើគេនឹងពិចារណាពីចុងបំផុតរបស់គេទៅអេះ
30. ធ្វើដូចម្តេចឲ្យមនុស្សតែម្នាក់ដេញដល់១ពាន់នាក់ ឬ២នាក់ធ្វើឲ្យ១ម៉ឺននាក់រត់ទៅបាន លើកតែព្រះដ៏ជាថ្មដារបស់ពួកនោះបានលក់គេ ឬព្រះយេហូវ៉ាបានប្រគល់គេទៅប៉ុណ្ណោះ
31. ដ្បិតថ្មដារបស់គេ មិនដូចជាថ្មដារបស់យើងនោះទេ គឺជាពួកខ្មាំងសត្រូវនឹងយើង ដែលធ្វើបន្ទាល់ថាដូច្នោះផង
32. ដ្បិតគល់របស់គេ គឺជាគល់របស់ក្រុងសូដុំម ហើយក៏មកពីចំការរបស់ក្រុងកូម៉ូរ៉ា ផ្លែទំពាំងបាយជូររបស់គេ ជាផ្លែមានរសពុល ចង្កោមគេក៏ជូរចត់ដែរ
33. ស្រាទំពាំងបាយជូររបស់គេ ជាពិសរបស់នាគ ហើយជាពិសសាហាវរបស់ពស់ហនុមានផង
34. នេះតើមិនមែនដាក់ទុកនឹងអញព្រមទាំងបិទត្រា នៅជាមួយនឹងទ្រព្យសម្បត្តិអញទេឬអី
35. គឺសេចក្ដីសងសឹក និងសេចក្ដីសងគុណ នោះស្រេចនៅអញក្នុងកាលដែលជើងគេរអិលភ្លាត់ ដ្បិតថ្ងៃដែលគេត្រូវអន្តរាយ នោះជិតមកដល់ ហើយការដែលត្រូវមកលើគេក៏មកជាឆាប់ផង