12. ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ
13. ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
14. ក៏បានឲ្យបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូលផង ហើយលោកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ
15. តែយេស៊ូរុនបានឡើងសាច់ ហើយបានធាត់ឡើងវិញ គេបានចំរើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំហើយ ក៏ធាត់រលីក នោះគេបានបោះបង់ចោលព្រះដែលបង្កើតខ្លួនមក ហើយបានមើលងាយដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់ខ្លួន
16. គេបានបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យទ្រង់ខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម
17. គេបានថ្វាយយញ្ញបូជា ដល់ពួកអារក្ស ដែលមិនមែនជាព្រះសោះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលពួកអយ្យកោឯងមិនបានកោតខ្លាចឡើយ
18. ឯព្រះដ៏ជាថ្មដាដែលទ្រង់បង្កើតឯង នោះឯងឥតរវល់វិញ គឺបានបំភ្លេចព្រះដែលបានបង្កើតជីវិតឯងមក។
19. ព្រះយេហូវ៉ាទ្រង់បានឃើញ ហើយក៏ខ្ពើមដោយព្រោះកិរិយាបង្អុចបង្អាល របស់ពួកកូនប្រុស កូនស្រីទ្រង់
20. នោះទ្រង់មានព្រះបន្ទូលថា អញនឹងគេចមុខចេញពីគេ អញនឹងចាំមើលចុងបំផុតរបស់គេជាយ៉ាងណា ដ្បិតគេជាដំណមនុស្សវៀចពេកណាស់ ជាកូនចៅដែលមិនមានសេចក្ដីស្មោះត្រង់សោះ
21. គេបានបណ្តាលឲ្យអញមានសេចក្ដីប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានចាក់រុកអញឲ្យខឹង ដោយសាររបស់ឥតប្រយោជន៍របស់គេ ដូច្នេះអញនឹងបណ្តាលឲ្យគេមានសេចក្ដីប្រចណ្ឌដែរ ដោយសារពួកមនុស្សដែលមិនមែនជាសាសន៍ណាទេ ហើយនឹងចាក់រុកឲ្យគេខឹង ដោយសារសាសន៍១ដែលឥតប្រាជ្ញា
22. ដ្បិតភ្លើងនៃសេចក្ដីកំហឹងរបស់អញបានឆួលឡើងហើយ ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ទីជ្រៅបំផុត ព្រមទាំងចំរើនឡើងឆេះបន្សុសផែនដី ហើយបង្កាត់ភ្លើងនៅបាតភ្នំទាំងប៉ុន្មានផង