1. ឱផ្ទៃមេឃអើយ ចូរផ្ទៀងត្រចៀកចុះ ខ្ញុំនឹងបញ្ចេញវាចា ហើយសូមឲ្យផែនដីស្តាប់ពាក្យ ដែលចេញពីមាត់ខ្ញុំដែរ
2. គោលលទ្ធិរបស់ខ្ញុំ នឹងធ្លាក់មកដូចជាភ្លៀង ហើយពាក្យសំដីខ្ញុំ នឹងចុះដូចជាទឹកសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀង១មេមកលើតិណជាតិទាំងឡាយដែរ
3. ពីព្រោះខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា ចូរសរសើរដល់ព្រះនៃយើងខ្ញុំថា ទ្រង់ជាព្រះដ៏ធំឧត្តម
4. ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់។
5. គេបានបង្ខូចខ្លួនហើយ សេចក្ដីសៅហ្មងរបស់គេមិនមែនជារបស់ពួកកូនទ្រង់ទេ គេជាដំណមនុស្សវៀច ហើយក្រវិចក្រវៀន
6. ឱពួកមនុស្សលីលា ហើយឥតប្រាជ្ញាអើយ តើឯងរាល់គ្នាសងគុណ ដល់ព្រះយេហូវ៉ាយ៉ាងនោះឬអី តើទ្រង់មិនមែនជាព្រះវរបិតានៃឯង ដែលបានទិញឯងមកទេឬអី ទ្រង់បានបង្កើតឯង ហើយតាំងឯងឡើងផង
7. ចូរនឹកចាំពីថ្ងៃចាស់បុរាណ ចូរពិចារណាពីអស់ទាំងឆ្នាំដ៏មានជាច្រើនដំណតមក ចូរសួរឪពុកឯងចុះ គាត់នឹងសំដែងឲ្យឯងដឹង ហើយសួរពួកចាស់ទុំនៃឯងផង គេនឹងប្រាប់ដល់ឯង
8. កាលព្រះដ៏ខ្ពស់បំផុត បានចែកមរដកដល់សាសន៍ទាំងប៉ុន្មាន គឺកាលទ្រង់បានបំបែកពួកកូនចៅអ័ដាមចេញពីគ្នា នោះទ្រង់បានដាក់ព្រំប្រទល់ ឲ្យអស់ទាំងប្រជាជន តាមចំនួនអស់ពួកកូនចៅអ៊ីស្រាអែល
9. ដ្បិតកេរអាកររបស់ព្រះយេហូវ៉ា នោះគឺជារាស្ត្ររបស់ទ្រង់ ហើយយ៉ាកុបជាចំណែកមរដកទ្រង់
10. ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរសព្ទគឹកកង នោះទ្រង់បានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ទ្រង់
11. ឧបមាដូចជាសត្វឥន្ទ្រី ដែលដាស់តឿនកូននៅសំបុក ក៏ហើរសំរឹងពីលើ រួចត្រដាងស្លាបទទួលកូន ទ្រនៅលើចំអេងឡើង
12. ព្រះយេហូវ៉ាតែ១ព្រះអង្គ ទ្រង់បាននាំលោក ឥតមានព្រះដទៃណានៅជាមួយឡើយ
13. ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
14. ក៏បានឲ្យបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូលផង ហើយលោកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ
15. តែយេស៊ូរុនបានឡើងសាច់ ហើយបានធាត់ឡើងវិញ គេបានចំរើនសាច់ឡើង បានត្រឡប់ជាក្រាស់មាំហើយ ក៏ធាត់រលីក នោះគេបានបោះបង់ចោលព្រះដែលបង្កើតខ្លួនមក ហើយបានមើលងាយដល់ថ្មដានៃសេចក្ដីសង្គ្រោះរបស់ខ្លួន
16. គេបានបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យទ្រង់ខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម
17. គេបានថ្វាយយញ្ញបូជា ដល់ពួកអារក្ស ដែលមិនមែនជាព្រះសោះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលពួកអយ្យកោឯងមិនបានកោតខ្លាចឡើយ