1. កាលណាគ្រប់ទាំងសេចក្ដីនេះបានមកលើឯង គឺទាំងពរ និងបណ្តាសា ដែលអញដាក់នៅមុខឯង រួចនៅកណ្តាលអស់ទាំងសាសន៍ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងដេញឯងទៅនៅ នោះឯងចាប់តាំងនឹករឭកពីការទាំងនោះនៅក្នុងចិត្ត
2. ហើយឯងវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃឯងវិញ ដោយស្តាប់តាមព្រះបន្ទូលទ្រង់ តាមគ្រប់ទាំងសេចក្ដីដែលអញបានបង្គាប់នៅថ្ងៃនេះ ព្រមទាំងកូនចៅឯងផង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង
3. នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងបំផ្លាស់សណ្ឋានឈ្លើយរបស់ឯង ព្រមទាំងអាណិតមេត្តាដល់ឯង ហើយនឹងប្រមូលឯងមកពីគ្រប់ទាំងសាសន៍ ជាកន្លែងដែលទ្រង់បានកំចាត់កំចាយឯងទៅនៅនោះមកវិញ
4. ទោះបើពួកឯងដែលត្រូវខ្ចាត់ខ្ចាយនោះ បានទៅនៅដល់ទីបំផុតនៃជើងមេឃក៏ដោយ គង់តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រមូល ហើយនាំយកឯងពីទីនោះមកវិញដែរ
5. ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងនាំឯងមកក្នុងស្រុក ពួកអយ្យកោឯងបានចាប់យក ហើយឯងនឹងទទួលយកស្រុកនោះវិញ នោះទ្រង់នឹងប្រោសសេចក្ដីល្អដល់ឯង ហើយនឹងចំរើនឯងឲ្យមានគ្នាជាច្រើន លើសជាងពួកអយ្យកោឯងទៅទៀត
6. ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងកាត់ស្បែកចិត្តរបស់ឯង ហើយនឹងចិត្តរបស់ពូជឯងផង ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត អស់ពីព្រលឹង ដើម្បីឲ្យឯងបានរស់នៅ