13. ឯស្រុកកាឡាតដែលសល់ និងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ នោះអញបានឲ្យដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺជាស្រុកអើកុបទាំងមូល ដែលជាស្រុកបាសានផង (ស្រុកនោះក៏ហៅជាស្រុករបស់ពួករេផែម
14. យ៉ាអ៊ារជាកូនម៉ាន៉ាសេ បានចាប់យកស្រុកអើកុបទាំងមូល រហូតដល់ព្រំស្រុកកេស៊ូរី និងស្រុកម៉ាកាធីផង រួចគាត់ហៅស្រុកបាសាននោះ តាមឈ្មោះរបស់ខ្លួន គឺជាហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ)
15. ហើយអញបានឲ្យស្រុកកាឡាតដល់ម៉ាគារ
16. ឯពួករូបេន ហើយនឹងពួកកាឌ់ នោះអញបានឲ្យស្រុកដល់គេ ចាប់តាំងពីស្រុកកាឡាត រហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅជាកណ្តាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកនៃពួកកូនចៅអាំម៉ូន
17. ព្រមទាំងស្រុកវាល ដែលមានទន្លេយ័រដាន់ទុកជាព្រំខណ្ឌ ចាប់តាំងពីសមុទ្រគេនេសារ៉ែត រហូតដល់សមុទ្រអំបិលដែលនៅស្រុកវាល ត្រង់ជើងភ្នំពីសកាខាងកើត។
18. នៅគ្រានោះ អញបានបង្គាប់ឯងរាល់គ្នាថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានស្រុកនេះដល់ឯងទុកជាកេរអាករ ដូច្នេះត្រូវឲ្យឯងរាល់គ្នា ដែលថ្នឹកចំបាំងពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនឯងទៅ
19. តែឯប្រពន្ធកូន និងហ្វូងសត្វរបស់ឯង នោះត្រូវទុកឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអញបានឲ្យដល់ឯងវិញ (ដ្បិតអញដឹងថា ឯងរាល់គ្នាមានហ្វូងសត្វច្រើន)
20. ទាល់តែព្រះយេហូវ៉ាទ្រង់បានឲ្យពួកបងប្អូនឯង បានសេចក្ដីសំរាកដូចជាឯងដែរ ព្រមទាំងចាប់យកស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យគេនៅខាងនាយទន្លេយ័រដាន់ រួចសឹមឯងរាល់គ្នាត្រឡប់មកនៅក្នុងស្រុកជាកេរអាករឯងរៀងខ្លួន ដែលអញបានឲ្យដល់ឯងរាល់គ្នាចុះ
21. ហើយនៅវេលានោះ អញក៏បានប្រាប់ដល់យ៉ូស្វេថា ភ្នែករបស់អ្នកបានឃើញអស់ទាំងការដែលព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់បានធ្វើដល់ស្តេចទាំង២នេះហើយ ទ្រង់ក៏នឹងធ្វើដូច្នេះដល់គ្រប់ទាំងនគរដែលអ្នកនឹងឆ្លងចូលទៅនោះដែរ
22. មិនត្រូវឲ្យអ្នកខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងច្បាំងជំនួសអ្នក។
23. នៅគ្រានោះ អញបានទូលអង្វរដល់ព្រះយេហូវ៉ាថា
24. ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសំដែង ឲ្យអ្នកបំរើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ និងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើស្ថានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឲ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន
25. ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ
26. តែព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអញដោយព្រោះឯងរាល់គ្នា ហើយទ្រង់មិនព្រមតាមអញទេ ដោយព្រះបន្ទូលថា ណ្ហើយ កុំឲ្យនិយាយនឹងអញពីរឿងនោះទៀតឡើយ