1. នោះយើងក៏បែរឡើង តាមផ្លូវទៅស្រុកបាសាន ហើយអុក ជាស្តេចស្រុកបាសាន និងបណ្តារាស្ត្រទ្រង់ទាំងអស់គ្នា ក៏ចេញមកទាស់នឹងយើង ហើយច្បាំងគ្នានៅត្រង់អេទ្រី
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា កុំឲ្យខ្លាចគេឡើយ ដ្បិតអញបានប្រគល់គេមកក្នុងកណ្តាប់ដៃឯងហើយ ព្រមទាំងរាស្ត្រទាំងប៉ុន្មាន និងស្រុករបស់គេផង ត្រូវឲ្យឯងធ្វើដល់គេ ដូចជាបានធ្វើដល់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី នៅក្រុងហែសបូនដែរ
3. ដូច្នេះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា ទ្រង់ក៏ប្រគល់អុក ជាស្តេចស្រុកបាសាននោះ និងរាស្ត្រទាំងប៉ុន្មានមកក្នុងកណ្តាប់ដៃនៃយើងដែរ ហើយយើងបានវាយពួកខាងទ្រង់ ទាល់តែគ្មាននៅសល់១ឡើយ
4. យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន
5. អស់ទាំងទីក្រុងទាំងនោះ សុទ្ធតែមានបន្ទាយមានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ និងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ
6. យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផង
7. តែឯសត្វទាំងប៉ុន្មាន និងរបឹបនៃទីក្រុងទាំងនោះ យើងបានយកទុកសំរាប់ខ្លួនយើងវិញ។
8. នៅគ្រានោះ យើងបានយកស្រុកនោះ ពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន
9. (ឯភ្នំហ៊ើម៉ូននេះ ពួកសាសន៍ស៊ីដូនគេហៅថាភ្នំស៊ីរានវិញ ហើយសាសន៍អាម៉ូរីគេហៅថា ភ្នំសេនារ)
10. គឺអស់ទាំងទីក្រុងនៅស្រុកវាល និងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន
11. (មានតែអុកជាស្តេចស្រុកបាសានទេ ដែលសល់ពីពួកមនុស្សគួរស្ញែងខ្លាចនោះ មើល គ្រែរបស់ទ្រង់បានធ្វើពីដែក ឃើញមាននៅក្រុងរ៉ាបាតរបស់ផងពួកកូនចៅអាំម៉ូន គ្រែនោះមានបណ្តោយ៩ហត្ថ ហើយទទឹង៤ហត្ថ តាមហត្ថរបស់មនុស្ស)។
12. នៅគ្រានោះ យើងបានចាប់យកស្រុកនោះ ទុកជាកេរអាកររបស់យើង អញបានឲ្យស្រុកនោះ ចាប់តាំងពីអារ៉ូអ៊ើរ នៅមាត់ស្ទឹងអើណូន និងស្រុកភ្នំកាឡាត១ចំហៀង ព្រមទាំងទីក្រុងនៃស្រុកនោះទាំងប៉ុន្មានដល់ពួករូបេន និងពួកកាឌ់
13. ឯស្រុកកាឡាតដែលសល់ និងស្រុកបាសាន ជានគររបស់ស្តេចអុកទាំងអស់ នោះអញបានឲ្យដល់ពូជអំបូរម៉ាន៉ាសេ១ចំហៀង គឺជាស្រុកអើកុបទាំងមូល ដែលជាស្រុកបាសានផង (ស្រុកនោះក៏ហៅជាស្រុករបស់ពួករេផែម
14. យ៉ាអ៊ារជាកូនម៉ាន៉ាសេ បានចាប់យកស្រុកអើកុបទាំងមូល រហូតដល់ព្រំស្រុកកេស៊ូរី និងស្រុកម៉ាកាធីផង រួចគាត់ហៅស្រុកបាសាននោះ តាមឈ្មោះរបស់ខ្លួន គឺជាហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ)
15. ហើយអញបានឲ្យស្រុកកាឡាតដល់ម៉ាគារ
16. ឯពួករូបេន ហើយនឹងពួកកាឌ់ នោះអញបានឲ្យស្រុកដល់គេ ចាប់តាំងពីស្រុកកាឡាត រហូតដល់ស្ទឹងអើណូន ដែលមានព្រំខណ្ឌនៅជាកណ្តាលស្ទឹងនោះ ហើយរហូតដល់ស្ទឹងយ៉ាបុក ជាព្រំស្រុកនៃពួកកូនចៅអាំម៉ូន
17. ព្រមទាំងស្រុកវាល ដែលមានទន្លេយ័រដាន់ទុកជាព្រំខណ្ឌ ចាប់តាំងពីសមុទ្រគេនេសារ៉ែត រហូតដល់សមុទ្រអំបិលដែលនៅស្រុកវាល ត្រង់ជើងភ្នំពីសកាខាងកើត។
18. នៅគ្រានោះ អញបានបង្គាប់ឯងរាល់គ្នាថា ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានស្រុកនេះដល់ឯងទុកជាកេរអាករ ដូច្នេះត្រូវឲ្យឯងរាល់គ្នា ដែលថ្នឹកចំបាំងពាក់គ្រឿងសស្ត្រាវុធ ឆ្លងនាំមុខពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនឯងទៅ
19. តែឯប្រពន្ធកូន និងហ្វូងសត្វរបស់ឯង នោះត្រូវទុកឲ្យនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអញបានឲ្យដល់ឯងវិញ (ដ្បិតអញដឹងថា ឯងរាល់គ្នាមានហ្វូងសត្វច្រើន)