1. ម៉ូសេ លោកហៅពួកអ៊ីស្រាអែលទាំងអស់គ្នាមកប្រាប់ថា ឯងរាល់គ្នាបានឃើញគ្រប់ទាំងការ ដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទ ដល់ផារ៉ោន និងពួកមហាតលិក ហើយនឹងស្រុកទ្រង់ទាំងមូល នៅចំពោះភ្នែកឯងហើយ
2. គឺអស់ទាំងការល្បងយ៉ាងធំ ដែលភ្នែកឯងបានឃើញ ព្រមទាំងទីសំគាល់ និងការអស្ចារ្យដ៏ធំផង
3. តែលុះមកដល់សព្វថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់មិនបានប្រទាន ឲ្យឯងរាល់គ្នាមានចិត្តយល់ ឬភ្នែកដែលមើលឃើញ ឬត្រចៀកដែលស្តាប់ឮនៅឡើយ
4. អញបាននាំឯងរាល់គ្នាក្នុងទីរហោស្ថានអស់៤០ឆ្នាំហើយ ឯសំលៀកបំពាក់របស់ឯង នោះមិនបានរេចនៅលើខ្លួនសោះ ហើយស្បែកជើងឯងក៏មិនបានសឹកផង
5. ឯងរាល់គ្នាមិនបានបរិភោគនំបុ័ង ឬផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាសោះ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ា ជាព្រះនៃឯង
6. កាលឯងរាល់គ្នាបានមកដល់ទីនេះ នោះស៊ីហុន ជាស្តេចក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសាន បានចេញមកច្បាំងនឹងយើង ហើយយើងក៏បានវាយឈ្នះគេ
7. យើងបានចាប់យកស្រុកគេ ក៏ចែកជាមរដកដល់ពួករូបេន ពួកកាឌ់ ហើយនឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង
8. ដូច្នេះចូរកាន់ ហើយប្រព្រឹត្តតាមអស់ទាំងពាក្យនៃសញ្ញានេះ ដើម្បីឲ្យឯងរាល់គ្នាមានសេចក្ដីចំរើនក្នុងគ្រប់ទាំងការដែលឯងធ្វើ។
9. នៅថ្ងៃនោះ ឯងទាំងអស់គ្នាកំពុងឈរ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង គឺទាំងពួកមេ ទាំងពូជអំបូរឯងទាំងប៉ុន្មាន និងពួកចាស់ទុំ ហើយនឹងពួកនាយករបស់ឯងរាល់គ្នា ជាបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់គ្នា
10. ព្រមទាំងពួកកូនក្មេង និងប្រពន្ធឯង ហើយពួកអ្នកដទៃដែលនៅក្នុងពួកឯង តាំងពីពួកអ្នកកាប់ឧស ទៅដល់អ្នកដែលរែកទឹកឲ្យឯងផង
11. ប្រយោជន៍ឲ្យបានចុះសញ្ញានឹងព្រះយេហូវ៉ា ជាព្រះនៃឯង និងសេចក្ដីសម្បថ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ស្បថនឹងឯងនៅថ្ងៃនេះ
12. គឺដើម្បីឲ្យទ្រង់បានតាំងឯង ទុកជារាស្ត្ររបស់ទ្រង់នៅថ្ងៃនេះ ហើយឲ្យទ្រង់បានធ្វើជាព្រះដល់ឯង ដូចជាទ្រង់បានមានព្រះបន្ទូលនឹងឯង ហើយដូចជាទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកអយ្យកោឯងដែរ។
13. អញតាំងសេចក្ដីសញ្ញា ហើយសម្បថនេះ មិនមែនតែនឹងឯងរាល់គ្នាប៉ុណ្ណោះ