58. បើឯងមិនព្រមប្រយ័ត្ន និងធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ ហើយគួរស្ញែងខ្លាចនេះ គឺ«ព្រះយេហូវ៉ា ជាព្រះនៃឯង»
59. នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចំឡែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ និងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
60. ទ្រង់នឹងធ្វើឲ្យឯងកើតអស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលឯងបានខ្លាចនោះទាំងប៉ុន្មាន ជំងឺទាំងនោះនឹងនៅជាប់នឹងឯង
61. ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងកើតគ្រប់ទាំងជំងឺ ហើយនឹងសេចក្ដីវេទនាទាំងអស់ ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះទៀត ដរាបដល់ឯងបានវិនាសបាត់អស់រលីងទៅ