52. គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួន ដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់នៅពេញក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យ
53. ហើយនៅវេលាគេឡោមព័ទ្ធឯងជុំវិញ និងគ្រាដែលមានសេចក្ដីលំបាក ដែលខ្មាំងសត្រូវនឹងធ្វើទុក្ខដល់ឯង នោះឯងនឹងបរិភោគផលដែលកើតចេញពីខ្លួនឯង គឺជាសាច់របស់កូនប្រុសកូនស្រីឯង ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ
54. អ្នកណាដែលរមែងមានចិត្តថ្នម ហើយស្រទន់ណាស់ក្នុងពួកឯង អ្នកនោះឯងនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយដល់កូនខ្លួនទាំងប៉ុន្មាន ដែលនៅសល់វិញ
55. ដល់ម៉្លេះបានជាមិនព្រមទាំងចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យដល់អ្នកណាមួយនោះឡើយ ដោយព្រោះគ្មានអ្វីសល់ទៀត គឺក្នុងគ្រាដែលខ្មាំងសត្រូវឯងនៅព័ទ្ធជុំវិញនោះ នឹងវេលាដែលឯងមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅគ្រប់ទាំងទីក្រុងឯងផង
56. ហើយស្ត្រីណាដែលមានចិត្តថ្នម ហើយស្រទន់នៅក្នុងពួកឯង ជាស្ត្រីដែលមិនដែលទាំងដាក់បាតជើងដល់ដីផង ដោយព្រោះនាងទន់ភ្លន់ហើយថ្នមខ្លួន នាងនោះនឹងមានភ្នែកអាក្រក់ដល់ប្ដី ជាទីស្រឡាញ់របស់ខ្លួន និងដល់កូនប្រុសកូនស្រីខ្លួន
57. ហើយដល់ទាំងកូនខ្ចី ដែលទើបនឹងចេញពីផ្ទៃខ្លួនមក ព្រមទាំងដល់កូនដែលនឹងសំរាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសំងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលពួកខ្មាំងសត្រូវនៅព័ទ្ធជុំវិញនោះនឹងវេលាដែលមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅក្នុងអស់ទាំងទីក្រុងរបស់ឯង។
58. បើឯងមិនព្រមប្រយ័ត្ន និងធ្វើតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យ ដែលបានកត់ទុកក្នុងគម្ពីរនេះ ដើម្បីឲ្យបានកោតខ្លាចដល់ព្រះនាមដ៏មានសិរីល្អ ហើយគួរស្ញែងខ្លាចនេះ គឺ«ព្រះយេហូវ៉ា ជាព្រះនៃឯង»
59. នោះព្រះយេហូវ៉ានឹងធ្វើឲ្យសេចក្ដីវេទនារបស់ឯង បានចំឡែកអស្ចារ្យ ព្រមទាំងសេចក្ដីវេទនានៃពូជឯងផង គឺជាសេចក្ដីវេទនាយ៉ាងធំ ហើយជាប់ជាយូរ និងជំងឺគ្រាំគ្រាដែលនៅជាប់ជាយូរដែរ
60. ទ្រង់នឹងធ្វើឲ្យឯងកើតអស់ទាំងជំងឺរបស់ស្រុកអេស៊ីព្ទ ដែលឯងបានខ្លាចនោះទាំងប៉ុន្មាន ជំងឺទាំងនោះនឹងនៅជាប់នឹងឯង
61. ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងកើតគ្រប់ទាំងជំងឺ ហើយនឹងសេចក្ដីវេទនាទាំងអស់ ដែលមិនបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះទៀត ដរាបដល់ឯងបានវិនាសបាត់អស់រលីងទៅ
62. ហើយទោះពីដើមឯងរាល់គ្នាមានគ្នាច្រើន ដូចជាផ្កាយនៅលើមេឃក៏ដោយ គង់តែនឹងនៅសល់តែបន្តិចទេ ពីព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង
63. នៅគ្រានោះព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យ ធ្វើឲ្យឯងរាល់គ្នាវិនាស ហើយនឹងបំផ្លាញឯងរាល់គ្នាចេញ ដូចជាកាលពីដើមទ្រង់សព្វព្រះហឫទ័យ នឹងប្រោសសេចក្ដីល្អដល់ឯង ហើយចំរើនឯងរាល់គ្នាឡើងនោះដែរ ឯងរាល់គ្នានឹងត្រូវដកចេញពីស្រុក ដែលឯងនឹងចូលទៅចាប់យកនោះ
64. ព្រះយេហូវ៉ាទ្រង់នឹងកំចាត់កំចាយឯង ឲ្យទៅនៅក្នុងគ្រប់ទាំងសាសន៍ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង នៅទីនោះឯងនឹងគោរពប្រតិបត្តិដល់ព្រះដ៏ទៃធ្វើពីឈើ ហើយនឹងថ្ម ដែលឯង និងពួកអយ្យកោឯងមិនដែលស្គាល់សោះ
65. នៅក្នុងសាសន៍ទាំងនោះ ឯងនឹងរកសេចក្ដីស្រណុកមិនបាន ហើយបាតជើងឯងមិនចេះបានសំរាកឡើយ គឺនៅទីនោះព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យចិត្តឯងញ័ររន្ធត់ ឲ្យភ្នែកឯងស្រវាំងទៅ ហើយឲ្យមានគំនិតព្រួយលំបាកដែរ