39. ឯងនឹងដាំចំការទំពាំងបាយជូរ ហើយខំថែរក្សាផង តែមិនបានក្រេបរសរបស់ផ្លែនោះឡើយ ក៏មិនបានទាំងបេះផង ដ្បិតដង្កូវនឹងស៊ីទាំងអស់ទៅ
40. ឯងនឹងមានដើមអូលីវ នៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ
41. ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ
42. អស់ទាំងដើមឈើ និងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ
43. អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
44. គេនឹងឲ្យឯងខ្ចី តែឯងមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយឯងនឹងទៅជាកន្ទុយវិញ។
45. គ្រប់ទាំងសេចក្ដីបណ្តាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយនឹងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់មកឯងនោះ
46. សេចក្ដីទាំងនោះនឹងនៅជាប់លើឯង ហើយលើពូជឯង សំរាប់ជាទីសំគាល់ ហើយជាទីអស្ចារ្យ នៅអស់កល្បជានិច្ច។
47. ដោយហេតុតែឯងមិនបានគោរពប្រតិបត្តិ ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយចិត្តរីករាយសប្បាយ នៅកណ្តាលរបស់ដែលមានជាបរិបូរទាំងប៉ុន្មាន
48. បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
49. ព្រះយេហូវ៉ាទ្រង់នឹងនាំសាសន៍១ពីចំងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលឯងស្តាប់ភាសាគេមិនបាន
50. ជាសាសន៍មានទឹកមុខសាហាវ ឥតមានយល់ដល់ចាស់ ក៏មិនចេះអាណិតដល់ក្មេងផង
51. គេនឹងស៊ីផលពីហ្វូងសត្វឯង និងពីដីឯង ដរាបដល់ឯងវិនាសបាត់ទៅ គេមិនទុកឲ្យឯងមានស្រូវ ឬទឹកទំពាំងបាយជូរ ឬប្រេង ឬផលចំរើនពីហ្វូងគោ ហ្វូងចៀមឯងឡើយ ដរាបដល់គេបានបំផ្លាញឯងអស់រលីងទៅ
52. គេនឹងចោមព័ទ្ធច្បាំងនឹងឯង នៅក្នុងអស់ទាំងទីក្រុងឯង ដរាបដល់កំផែងខ្ពស់ ហើយមាំមួន ដែលឯងយកជាទីពឹងនោះ បានរលំនៅពេញក្នុងស្រុកឯង គេនឹងឡោមព័ទ្ធច្បាំងនឹងឯង នៅក្នុងទីក្រុងទាំងអស់នៅពេញក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានឲ្យ
53. ហើយនៅវេលាគេឡោមព័ទ្ធឯងជុំវិញ និងគ្រាដែលមានសេចក្ដីលំបាក ដែលខ្មាំងសត្រូវនឹងធ្វើទុក្ខដល់ឯង នោះឯងនឹងបរិភោគផលដែលកើតចេញពីខ្លួនឯង គឺជាសាច់របស់កូនប្រុសកូនស្រីឯង ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ
54. អ្នកណាដែលរមែងមានចិត្តថ្នម ហើយស្រទន់ណាស់ក្នុងពួកឯង អ្នកនោះឯងនឹងត្រឡប់ជាមានភ្នែកអាក្រក់ដល់បងប្អូនខ្លួន ដល់ប្រពន្ធជាទីស្រឡាញ់របស់ខ្លួន ហើយដល់កូនខ្លួនទាំងប៉ុន្មាន ដែលនៅសល់វិញ
55. ដល់ម៉្លេះបានជាមិនព្រមទាំងចែកសាច់កូនរបស់ខ្លួន ដែលកំពុងតែបរិភោគ ឲ្យដល់អ្នកណាមួយនោះឡើយ ដោយព្រោះគ្មានអ្វីសល់ទៀត គឺក្នុងគ្រាដែលខ្មាំងសត្រូវឯងនៅព័ទ្ធជុំវិញនោះ នឹងវេលាដែលឯងមានសេចក្ដីលំបាក ដោយគេធ្វើទុក្ខដល់ឯង នៅគ្រប់ទាំងទីក្រុងឯងផង