34. ដល់ម៉្លេះបានជាឯងនឹងវង្វេងស្មារតី ដោយអស់ទាំងការដែលឯងមើលឃើញនឹងភ្នែក
35. ព្រះយេហូវ៉ាទ្រង់នឹងវាយឯងនៅត្រង់ក្បាលជង្គង់ ហើយនៅជើង ឲ្យកើតមានដំបៅអាក្រក់ ចាប់តាំងពីបាតជើងទៅដល់ក្រយៅក្បាល ដែលឥតមានអ្នកណាមើលឲ្យជាបានឡើយ។
36. ព្រះយេហូវ៉ាទ្រង់នឹងនាំយកឯង ហើយនឹងស្តេចដែលឯងនឹងតាំងឡើងលើឯង ទៅឯនគរ១ទៀត ដែលឯង និងពួកអយ្យកោឯងមិនដែលបានស្គាល់ នៅស្រុកនោះឯងនឹងគោរពប្រតិបត្តិ ដល់ព្រះដទៃ ដែលធ្វើពីឈើ ហើយពីថ្ម
37. ឯងនឹងត្រឡប់ទៅជាទីអស្ចារ្យ និងជាទីប្រៀបធៀប ហើយជាទីដំនៀល នៅកណ្តាលគ្រប់អស់ទាំងសាសន៍ ដែលព្រះយេហូវ៉ានឹងនាំឯងទៅនៅនោះ
38. ឯងនឹងនាំយកពូជពង្រោះជាច្រើន ទៅសាបព្រោះនៅក្នុងស្រែឯង តែនឹងច្រូតបានតែបន្តិចវិញទេ ដ្បិតកណ្តូបនឹងកាត់បំផ្លាញទាំងអស់ទៅ
39. ឯងនឹងដាំចំការទំពាំងបាយជូរ ហើយខំថែរក្សាផង តែមិនបានក្រេបរសរបស់ផ្លែនោះឡើយ ក៏មិនបានទាំងបេះផង ដ្បិតដង្កូវនឹងស៊ីទាំងអស់ទៅ
40. ឯងនឹងមានដើមអូលីវ នៅពេញក្នុងស្រុកឯង តែមិនបានយកប្រេងមកលាបខ្លួនសោះ ដ្បិតក្តឹបនឹងជ្រុះរុះទាំងអស់ទៅ
41. ឯងនឹងបង្កើតបានកូនប្រុសកូនស្រី តែមិនបានជារបស់ផងឯងទេ ដ្បិតគេនឹងនាំវាទៅជាឈ្លើយ
42. អស់ទាំងដើមឈើ និងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ
43. អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
44. គេនឹងឲ្យឯងខ្ចី តែឯងមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយឯងនឹងទៅជាកន្ទុយវិញ។
45. គ្រប់ទាំងសេចក្ដីបណ្តាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយនឹងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់មកឯងនោះ
46. សេចក្ដីទាំងនោះនឹងនៅជាប់លើឯង ហើយលើពូជឯង សំរាប់ជាទីសំគាល់ ហើយជាទីអស្ចារ្យ នៅអស់កល្បជានិច្ច។
47. ដោយហេតុតែឯងមិនបានគោរពប្រតិបត្តិ ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយចិត្តរីករាយសប្បាយ នៅកណ្តាលរបស់ដែលមានជាបរិបូរទាំងប៉ុន្មាន
48. បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ
49. ព្រះយេហូវ៉ាទ្រង់នឹងនាំសាសន៍១ពីចំងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលឯងស្តាប់ភាសាគេមិនបាន