22. ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ និងគ្រុនរងា ហើយដោយកើតហើមពិស និងក្តៅខ្លួនដូចភ្លើង ដោយដាវ និងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ
23. ឯមេឃពីលើក្បាលឯងនឹងបានដូចជាបង្ហិន ហើយដីនៅក្រោមឯង នឹងបានដូចជាដែក
24. ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យមានភ្លៀងមកលើស្រុកឯង ជាធូលី និងផង់លំអងដី ដែលនឹងធ្លាក់ពីលើមេឃមកលើឯង ដរាបដល់ឯងវិនាសបាត់អស់ទៅ។
25. ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យឯងចុះចាញ់ នៅមុខពួកខ្មាំងសត្រូវ ឯងនឹងចេញទៅទាស់នឹងគេតាមផ្លូវ១ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខគេចេញ ហើយឯងនឹងត្រូវខ្ចាត់ចុះឡើង ក្នុងគ្រប់ទាំងនគរនៅផែនដី
26. ខ្មោចរបស់ឯងនឹងបានជាអាហារ ដល់សត្វហើរនៅលើអាកាស និងសត្វព្រៃនៅដី ឥតមានអ្នកណានឹងដេញវាឡើយ
27. ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ដោយបូសដែលកើតនៅស្រុកអេស៊ីព្ទនិងឫសដូងបាត កម ហើយនឹងរមាស់ផង ដែលឯងនឹងមើលមិនចេះជាឡើយ
28. ព្រះយេហូវ៉ាទ្រង់នឹងវាយឯង ឲ្យវង្វេងស្មារតី ឲ្យខ្វាក់ភ្នែក ហើយឲ្យមានចិត្តឆ្ងល់ភាំង
29. ឯងនឹងដើរស្ទាបរកផ្លូវទាំងថ្ងៃត្រង់ ដូចជាមនុស្សខ្វាក់ស្ទាបរាវរកផ្លូវក្នុងទីងងឹតដែរ ហើយឯងនឹងធ្វើការអ្វី តាមផ្លូវប្រព្រឹត្តរបស់ឯង ក៏មិនកើតឡើយ គេនឹងសង្កត់សង្កិនឯងជានិច្ច ហើយបំបាត់យករបស់ឯងជាដរាប ឥតមានអ្នកណាជួយឡើយ
30. ឯងនឹងដណ្តឹងប្រពន្ធ តែនឹងមានអ្នកឯទៀតរួមដំណេកនឹងនាងវិញ ឯងនឹងសង់ផ្ទះ តែមិនបានឡើងនៅទេ ឯងនឹងដាំចំការទំពាំងបាយជូរ តែមិនបានទទួលផលផ្លែទេ
31. គេនឹងសំឡាប់គោឯងនៅចំពោះភ្នែកឯង តែឯងមិនបានបរិភោគសោះ គេនឹងកំហែងយកលាពីមុខឯងទៅ ឥតប្រគល់មកវិញឡើយ គេនឹងឲ្យហ្វូងចៀមឯង ទៅពួកខ្មាំងសត្រូវវិញ ឥតមានអ្នកណានឹងជួយឯងផង
32. គេនឹងឲ្យកូនប្រុសកូនស្រីឯងដល់សាសន៍ដទៃ ភ្នែកឯងនឹងស្រវាំងទៅ ដោយនឹករឭក ហើយសំឡឹងមើលតាមវាជានិច្ច ដៃឯងក៏នឹងគ្មានកំឡាំងសោះ
33. សាសន៍១ដែលឯងមិនស្គាល់ គេនឹងស៊ីបំផ្លាញផលពីដី និងការនឿយហត់របស់ឯងទាំងអស់ ឯងនឹងត្រូវគេសង្កត់សង្កិនជានិច្ច ហើយជិះជាន់ជាដរាប
34. ដល់ម៉្លេះបានជាឯងនឹងវង្វេងស្មារតី ដោយអស់ទាំងការដែលឯងមើលឃើញនឹងភ្នែក