11. ព្រះយេហូវ៉ាទ្រង់ក៏នឹងចំរើនឲ្យឯងមានជាបរិបូរឡើង ដោយផលដែលកើតពីពោះ និងផលកើតពីហ្វូងសត្វ ហើយនឹងផលកើតពីដីឯង នៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថនឹងពួកអយ្យកោថា នឹងឲ្យដល់ឯង
12. ព្រះយេហូវ៉ាទ្រង់នឹងបើកឃ្លាំងដ៏វិសេសរបស់ទ្រង់ឲ្យដល់ឯង គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់មកសំរាប់ស្រុកឯងតាមរដូវកាល ហើយនឹងឲ្យពរដល់គ្រប់ទាំងការដែលដៃឯងធ្វើ នោះឯងនឹងឲ្យសាសន៍ជាច្រើនខ្ចីឥតមានខ្ចីពីគេវិញឡើយ
13. ព្រះយេហូវ៉ាទ្រង់នឹងតាំងឯងទុកជាក្បាល មិនមែនជាកន្ទុយឡើយ ឯងនឹងនៅតែពីលើគេ មិនដែលនៅពីក្រោមទេ គឺបើឯងនឹងស្តាប់តាមអស់ទាំងសេចក្ដីបញ្ញត្តផងព្រះយេហូវ៉ា ជាព្រះនៃឯង ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមផង
14. ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេង ចេញពីព្រះបន្ទូលណាមួយ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ ដើម្បីនឹងរក ហើយគោរពប្រតិបត្តិតាមព្រះដទៃនោះឡើយ។
15. ប៉ុន្តែ បើឯងមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយមិនប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីបញ្ញត្ត និងច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះទេ នោះអស់ទាំងសេចក្ដីបណ្តាសាទាំងនេះនឹងផ្សាយមកលើឯង ហើយរត់មករកឯងផង
16. គឺឯងនឹងត្រូវបណ្តាសានៅក្នុងទីក្រុង ហើយនៅស្រែចំការដែរ
17. ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងត្រូវបណ្តាសាវិញ
18. ផលដែលកើតពីពោះ និងផលកើតពីដីឯង ហើយនឹងសេចក្ដីចំរើនរបស់ហ្វូងគោ និងកូនទាំងប៉ុន្មានរបស់ហ្វូងចៀមឯង នោះនឹងត្រូវបណ្តាសាទាំងអស់
19. ឯងនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចូលមក ហើយនឹងត្រូវបណ្តាសា ក្នុងកាលដែលឯងចេញទៅផង។
20. ព្រះយេហូវ៉ាទ្រង់នឹងចាត់សេចក្ដីបណ្តាសា និងសេចក្ដីបាក់បប ហើយសេចក្ដីបន្ទោសមកលើឯង ក្នុងគ្រប់ការអ្វីដែលឯងដាក់ដៃធ្វើ ដរាបដល់ត្រូវបំផ្លាញចេញ ហើយវិនាសអស់ទៅជាឆាប់ផង ដោយព្រោះអំពើអាក្រក់របស់ឯង ដែលបានលះបង់ចោលអញ
21. ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យជំងឺអាសន្នរោគនៅជាប់នឹងឯង ដរាបដល់ឯងរោយរៀវបាត់ចេញពីស្រុក ដែលឯងចូលទៅចាប់យកនោះអស់ទៅ
22. ព្រះយេហូវ៉ាទ្រង់នឹងវាយឯងដោយជំងឺរីងរៃ និងគ្រុនរងា ហើយដោយកើតហើមពិស និងក្តៅខ្លួនដូចភ្លើង ដោយដាវ និងស្រូវស្កក ហើយក្រាផង សេចក្ដីវេទនាទាំងនោះនឹងដេញតាមឯង ទាល់តែវិនាសបាត់អស់រលីងទៅ