1. បើសិនជាខំប្រឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ឲ្យអស់ពីចិត្ត ព្រមទាំងប្រយ័ត្ននឹងប្រព្រឹត្តតាមអស់ទាំងបញ្ញត្តទ្រង់ ដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងលើកឯងឡើងជាខ្ពស់ លើសជាងអស់ទាំងសាសន៍នៅផែនដីទាំងប៉ុន្មាន
2. រួចអស់ទាំងពរទាំងនេះនឹងបានផ្សាយមកលើឯង ហើយរត់មករកឯងផង គឺបើឯងនឹងស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯង
3. ឯងនឹងមានពរនៅក្នុងក្រុង ហើយនឹងមានពរនៅស្រែចំការដែរ
4. ផលដែលកើតពីពោះឯងមក ព្រមទាំងផលកើតពីដីឯង និងផលកើតពីសត្វឯង គឺជាសេចក្ដីចំរើនរបស់គោ និងកូនទាំងប៉ុន្មានរបស់ចៀមឯង នោះនឹងមានពរគ្រប់ទាំងអស់
5. ឯកំប្រោង និងស្បៀងអាហាររបស់ឯង នោះនឹងមានពរដែរ
6. ឯងនឹងមានពរក្នុងកាលដែលឯងចូលមក ហើយនឹងមានពរក្នុងកាលដែលចេញទៅផង។
7. ព្រះយេហូវ៉ាទ្រង់នឹងធ្វើឲ្យពួកខ្មាំងសត្រូវដែលលើកគ្នាមកទាស់នឹងឯង ត្រូវចុះចាញ់នៅមុខឯង គេនឹងចេញមកទាស់នឹងឯងតាមផ្លូវមួយ តែនឹងរត់ទៅតាមផ្លូវ៧វិញ ដើម្បីឲ្យរួចពីមុខឯងចេញ
8. ព្រះយេហូវ៉ាទ្រង់នឹងបង្គាប់ឲ្យមានពរនៅលើជង្រុកឯង ហើយលើគ្រប់ទាំងការអ្វីដែលឯងនឹងដាក់ដៃធ្វើ ទ្រង់នឹងប្រទានពរដល់ឯងនៅក្នុងស្រុកដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមក
9. ទ្រង់នឹងតាំងឯងសំរាប់ជារាស្ត្របរិសុទ្ធដល់ទ្រង់ ដូចជាទ្រង់បានស្បថនឹងឯងហើយ គឺបើឯងនឹងកាន់តាមអស់ទាំងបញ្ញត្តរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងដើរតាមផ្លូវទ្រង់ផង
10. នោះគ្រប់ទាំងសាសន៍នៅផែនដីនឹងឃើញថា ឯងជាអ្នកមានឈ្មោះតាមព្រះនាមព្រះយេហូវ៉ា ហើយគេនឹងកោតខ្លាចដល់ឯង