8. ត្រូវឲ្យឯងចារឹកអស់ទាំងពាក្យ ក្នុងក្រឹត្យវិន័យនេះ ចុះនៅនឹងថ្មទាំងនោះ ឲ្យច្បាស់ប្រចក្ស។
9. រួចម៉ូសេ និងពួកលេវីដ៏ជាសង្ឃ ក៏ប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា ចូរនៅស្ងៀម ហើយស្តាប់ចុះ ឱពួកអ៊ីស្រាអែលអើយ នៅថ្ងៃនេះឯងបានត្រឡប់ជារាស្ត្ររបស់ព្រះយេហូវ៉ា ជាព្រះនៃឯងហើយ
10. ដូច្នេះត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទ្រង់ទាំងប៉ុន្មានដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។
11. ហើយនៅថ្ងៃនោះឯង ម៉ូសេក៏ផ្តាំដល់បណ្តាជនទាំងឡាយថា
12. កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ នោះត្រូវឲ្យពួកទាំងនេះឈរនៅលើភ្នំកេរិស៊ីម ដើម្បីនឹងឲ្យពរដល់បណ្តាជន គឺពួកស៊ីម្មាន១ ពួកលេវី១ ពួកយូដា១ ពួកអ៊ីសាខារ១ ពួកយ៉ូសែប១ និងពួកបេនយ៉ាមីន១
13. ឯពួកនេះត្រូវឲ្យគេឈរនៅលើភ្នំអេបាល ដើម្បីនឹងដាក់បណ្តាសាវិញ គឺពួករូបេន១ ពួកកាឌ់១ ពួកអេស៊ើរ១ ពួកសាប់យូល៉ូន១ ពួកដាន់១ និងពួកណែបថាលី១។
14. នោះត្រូវឲ្យពួកលេវីចាប់ផ្តើមបន្លឺឡើង ដោយពាក្យជាខ្លាំង ដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា___
15. ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
16. ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
17. ត្រូវបណ្តាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
18. ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់វង្វេងចេញពីផ្លូវទៅ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
19. ត្រូវបណ្តាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកដទៃ និងកូនកំព្រា ហើយនឹងស្រីមេម៉ាយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
20. ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងប្រពន្ធរបស់ឪពុកខ្លួន ដ្បិតអ្នកនោះបានបើកសំលៀករបស់ឪពុកហើយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
21. ត្រូវបណ្តាសាហើយ អ្នកណាដែលរួមសង្វាសនឹងសត្វណាមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
22. ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងបង ឬប្អូនស្រី ជាកូនរបស់ឪពុក ឬម្តាយតែមួយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
23. ត្រូវបណ្តាសាហើយ អ្នកណាដែលរួមដំណេកនឹងម្តាយក្មេករបស់ខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។