10. ដូច្នេះត្រូវឲ្យស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះនៃឯងចុះ ព្រមទាំងប្រព្រឹត្តតាមអស់ទាំងច្បាប់ និងបញ្ញត្តទ្រង់ទាំងប៉ុន្មានដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះ។
11. ហើយនៅថ្ងៃនោះឯង ម៉ូសេក៏ផ្តាំដល់បណ្តាជនទាំងឡាយថា
12. កាលណាឯងរាល់គ្នាបានឆ្លងទន្លេយ័រដាន់រួចហើយ នោះត្រូវឲ្យពួកទាំងនេះឈរនៅលើភ្នំកេរិស៊ីម ដើម្បីនឹងឲ្យពរដល់បណ្តាជន គឺពួកស៊ីម្មាន១ ពួកលេវី១ ពួកយូដា១ ពួកអ៊ីសាខារ១ ពួកយ៉ូសែប១ និងពួកបេនយ៉ាមីន១
13. ឯពួកនេះត្រូវឲ្យគេឈរនៅលើភ្នំអេបាល ដើម្បីនឹងដាក់បណ្តាសាវិញ គឺពួករូបេន១ ពួកកាឌ់១ ពួកអេស៊ើរ១ ពួកសាប់យូល៉ូន១ ពួកដាន់១ និងពួកណែបថាលី១។
14. នោះត្រូវឲ្យពួកលេវីចាប់ផ្តើមបន្លឺឡើង ដោយពាក្យជាខ្លាំង ដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នាថា___
15. ត្រូវបណ្តាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា គឺជារបស់ដែលដៃជាងធ្វើ រួចយកទៅដាក់នៅទីសំងាត់ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
16. ត្រូវបណ្តាសាហើយ អ្នកណាដែលមើលងាយដល់ឪពុកម្តាយខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
17. ត្រូវបណ្តាសាហើយ អ្នកណាដែលបន្ថយគោលចារឹករបស់អ្នកជិតខាងខ្លួន នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
18. ត្រូវបណ្តាសាហើយ អ្នកណាដែលធ្វើឲ្យមនុស្សខ្វាក់វង្វេងចេញពីផ្លូវទៅ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។
19. ត្រូវបណ្តាសាហើយ អ្នកណាដែលបង្វែរសេចក្ដីយុត្តិធម៌ពីអ្នកដទៃ និងកូនកំព្រា ហើយនឹងស្រីមេម៉ាយ នោះបណ្តាជនទាំងឡាយត្រូវឆ្លើយឡើងថា អាម៉ែន។