4. នោះប្ដីដើម ដែលបានបណ្តេញនាងហើយ គ្មានច្បាប់នឹងយកនាងធ្វើជាប្រពន្ធវិញ ក្រោយដែលនាងបានសៅហ្មងហើយនោះទេ ដ្បិតនោះជាសេចក្ដីស្អប់ខ្ពើម នៅចំពោះព្រះយេហូវ៉ា មិនត្រូវឲ្យឯងនាំឲ្យស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកជាមរដក មានបានសោះឡើយ។
5. បើអ្នកណាទើបនឹងយកប្រពន្ធថ្មី មិនត្រូវឲ្យអ្នកនោះចេញទៅច្បាំងឡើយ ក៏មិនត្រូវដាក់បន្ទុកអ្វីឲ្យគេត្រូវរវល់ដែរ ត្រូវឲ្យនៅទំនេរនៅឯផ្ទះអស់១ឆ្នាំ ដើម្បីនឹងបណ្តាលឲ្យនាង ដែលទើបនឹសងយកជាប្រពន្ធនោះ មានសេចក្ដីរីករាយឡើង។
6. មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលបញ្ចាំទាំងជីវិតគេផង។
7. បើឃើញអ្នកណាកំពុងតែចាប់អ្នកណាមួយ ក្នុងពួកបងប្អូន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើទុកដូចជាខ្ញុំបំរើ ឬលក់ឲ្យដល់គេក្តី នោះអ្នកដែលចាប់លួចយកនឹងត្រូវទោសដល់ស្លាប់ យ៉ាងនោះឯងនឹងបំបាត់ការអាក្រក់ពីពួកឯងចេញ។
8. ចូរប្រយ័ត្នខាងឯរោគឃ្លង់ ដើម្បីឲ្យបានខំប្រឹងកាន់ហើយធ្វើតាមគ្រប់សេចក្ដី ដែលពួកលេវីដ៏ជាសង្ឃ និងបង្រៀនដល់ឯង ត្រូវឲ្យប្រយ័ត្ននឹងធ្វើតាម ដូចជាអញបានបង្គាប់ដល់គេគ្រប់ជំពូក
9. ចូរនឹកចាំពីសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រព្រឹត្តនឹងម៉ារាមតាមផ្លូវ ក្នុងគ្រាដែលឯងចេញពីស្រុកអេស៊ីព្ទមកចុះ។
10. កាលណាឯងឲ្យអ្នកជិតខាងខ្ចីអ្វីៗ នោះមិនត្រូវចូលតាមគេទៅក្នុងផ្ទះ ដើម្បីនឹងយករបស់បញ្ចាំពីគេនោះឡើយ
11. ត្រូវឈរឲ្យនៅខាងក្រៅ ចាំអ្នកដែលឯងបានឲ្យខ្ចីនោះ យករបស់បញ្ចាំចេញមកឲ្យឯងឯខាងក្រៅវិញ
12. ហើយបើអ្នកនោះជាអ្នកទ័លក្រ នោះមិនត្រូវឲ្យឯងខាំងទុករបស់បញ្ចាំនោះទៅដេកឡើយ
13. លុះដល់ថ្ងៃលិច ត្រូវឲ្យឯងប្រគល់ទៅគេវិញជាកុំខាន ដើម្បីឲ្យគេបានប្រដាប់ដេកដណ្តប់ខ្លួនដែរ យ៉ាងនោះគេនឹងឲ្យពរដល់ឯង ហើយការនោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់ឯង នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង។
14. មិនត្រូវឲ្យឯងសង្កត់សង្កិនកូនឈ្នួលឯង ដែលទ័លក្រ ហើយកំសត់ទុរគតឡើយ ទោះជាពួកបងប្អូន ឬជាពួកអ្នកប្រទេសក្រៅ ដែលនៅក្នុងក្រុង ក្នុងស្រុករបស់ឯងក្តី