1. បើបុរសណាយកប្រពន្ធ រៀបការពេញច្បាប់ហើយ រួចមកបែរជាមិនចូលចិត្តវិញ ដោយបានឃើញសេចក្ដីណា ដែលមិនគប្បីនៅនឹងនាង នោះត្រូវធ្វើសំបុត្រលះលែង ប្រគល់នៅដៃនាង ហើយឲ្យចេញពីផ្ទះទៅចុះ
2. កាលណានាងបានចេញពីផ្ទះអ្នកនោះផុតហើយ នោះនាងនឹងទៅធ្វើជាប្រពន្ធរបស់ម្នាក់ទៀតបាន
3. រួចបើសិនជាប្ដីក្រោយនោះស្អប់នាង ហើយធ្វើសំបុត្រលះលែងប្រគល់នៅដៃនាង ឲ្យចេញពីផ្ទះខ្លួនទៅដែរ ឬបើប្ដីក្រោយដែលបានយកនាងធ្វើជាប្រពន្ធ នោះស្លាប់ទៅ
4. នោះប្ដីដើម ដែលបានបណ្តេញនាងហើយ គ្មានច្បាប់នឹងយកនាងធ្វើជាប្រពន្ធវិញ ក្រោយដែលនាងបានសៅហ្មងហើយនោះទេ ដ្បិតនោះជាសេចក្ដីស្អប់ខ្ពើម នៅចំពោះព្រះយេហូវ៉ា មិនត្រូវឲ្យឯងនាំឲ្យស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកជាមរដក មានបានសោះឡើយ។
5. បើអ្នកណាទើបនឹងយកប្រពន្ធថ្មី មិនត្រូវឲ្យអ្នកនោះចេញទៅច្បាំងឡើយ ក៏មិនត្រូវដាក់បន្ទុកអ្វីឲ្យគេត្រូវរវល់ដែរ ត្រូវឲ្យនៅទំនេរនៅឯផ្ទះអស់១ឆ្នាំ ដើម្បីនឹងបណ្តាលឲ្យនាង ដែលទើបនឹសងយកជាប្រពន្ធនោះ មានសេចក្ដីរីករាយឡើង។
6. មិនត្រូវឲ្យអ្នកណាទទួលបញ្ចាំថ្មត្បាល់កិន ទោះគ្រប ឬតួក្តី ដ្បិតយ៉ាងនោះឈ្មោះថាទទួលបញ្ចាំទាំងជីវិតគេផង។
7. បើឃើញអ្នកណាកំពុងតែចាប់អ្នកណាមួយ ក្នុងពួកបងប្អូន ជាពួកកូនចៅអ៊ីស្រាអែល យកទៅប្រើទុកដូចជាខ្ញុំបំរើ ឬលក់ឲ្យដល់គេក្តី នោះអ្នកដែលចាប់លួចយកនឹងត្រូវទោសដល់ស្លាប់ យ៉ាងនោះឯងនឹងបំបាត់ការអាក្រក់ពីពួកឯងចេញ។
8. ចូរប្រយ័ត្នខាងឯរោគឃ្លង់ ដើម្បីឲ្យបានខំប្រឹងកាន់ហើយធ្វើតាមគ្រប់សេចក្ដី ដែលពួកលេវីដ៏ជាសង្ឃ និងបង្រៀនដល់ឯង ត្រូវឲ្យប្រយ័ត្ននឹងធ្វើតាម ដូចជាអញបានបង្គាប់ដល់គេគ្រប់ជំពូក
9. ចូរនឹកចាំពីសេចក្ដីដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រព្រឹត្តនឹងម៉ារាមតាមផ្លូវ ក្នុងគ្រាដែលឯងចេញពីស្រុកអេស៊ីព្ទមកចុះ។