1. ឯអ្នកណាដែលត្រូវរបួសត្រង់ពង ឬកាត់ស្វាសចេញ នោះមិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ
2. ហើយមិនត្រូវឲ្យកូនសហាយណា ចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាដែរ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង។
3. សាសន៍អាំម៉ូន ឬសាសន៍ម៉ូអាប់ មិនត្រូវចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាឡើយ ព្រមទាំងកូនចៅគេរហូតដល់១០ដំណផង
4. ពីព្រោះកាលឯងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលឯងតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកអើរ៉ាម-ន៉ាហារេម ដើម្បីនឹងដាក់បណ្តាសាដល់ឯង
5. ប៉ុន្តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់មិនព្រមស្តាប់តាមបាឡាមទេ គឺទ្រង់បានផ្លាស់សេចក្ដីបណ្តាសានោះ ឲ្យទៅជាពរដល់ឯងវិញ ដ្បិតទ្រង់បានស្រឡាញ់ឯង
6. ដូច្នេះមិនត្រូវឲ្យឯងរកសេចក្ដីសុខឲ្យគេ ឬឲ្យគេចំរើនឡើងឡើយ នៅជារៀងរាបតទៅ។
7. មិនត្រូវឲ្យស្អប់ខ្ពើម ដល់សាសន៍អេដំមណាមួយឡើយ ដ្បិតគេជាបងប្អូននឹងឯង ក៏មិនត្រូវស្អប់ខ្ពើមដល់សាសន៍អេស៊ីព្ទឡើយ ដ្បិតពីដើម ឯងជាពួកប្រទេសក្រៅដែលស្នាក់នៅស្រុកគេ
8. ឯចៅទួតដែលកើតពីពូជគេនោះនឹងចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាបាន។
9. កាលណាឯងទៅបោះទ័ព ទាស់នឹងពួកខ្មាំងសត្រូវ នោះត្រូវឲ្យរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់
10. បើសិនជាមានមនុស្សណាក្នុងពួកឯងដែលមិនស្អាត ដោយព្រោះការអ្វីដែលលោតែកើតដល់ខ្លួន នៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងទីដំឡើងត្រសាលទេ
11. តែដល់ពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ រួចកាលណាថ្ងៃលិចហើយ នោះនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន
12. ត្រូវឲ្យមានកន្លែងមួយនៅខាងក្រៅទីដំឡើងត្រសាល ជាទីសំរាប់នឹងចេញទៅដោះទុក្ខសត្វ
13. ហើយត្រូវឲ្យមានចបជីក នៅជា១ និងគ្រឿងសស្ត្រាវុធរបស់ឯងផង ដើម្បីកាលណាឯងចេញទៅបត់ជើង នោះនឹងជីកទៅកប់លុបលាមកឯងទៅ
14. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនឹងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។
15. ឯបាវបំរើណា ដែលបានរត់រួចពីចៅហ្វាយខ្លួនមកពឹងជ្រកនឹងឯង នោះមិនត្រូវប្រគល់ទៅចៅហ្វាយវិញឡើយ
16. ត្រូវបើកឲ្យនៅជាមួយនឹងឯង នៅកណ្តាលពួកឯង ក្នុងទីក្រុងណាមួយ ដែលអ្នកនោះជ្រើសរើស តាមបំណងចិត្តចុះ មិនត្រូវឲ្យសង្កត់សង្កិនគេឡើយ។
17. មិនត្រូវឲ្យមានស្រីសំផឹងណាមួយ ក្នុងពួកកូនស្រីសាសន៍អ៊ីស្រាអែលឡើយ ក៏មិនត្រូវមានប្រុសណាមួយធ្វើជាកូនជឹង នៅក្នុងពួកកូនប្រុសសាសន៍អ៊ីស្រាអែលដែរ
18. មិនត្រូវឲ្យយកថ្លៃឈ្នួលរបស់ការធ្វើសំផឹង ឬថ្លៃឆ្កែមកក្នុងដំណាក់ព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងថ្វាយជាដង្វាយឡើយ ដ្បិតទាំង២មុខនេះជាសេចក្ដីស្អប់ខ្ពើម ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង។