9. មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ និងផលចំរើននោះផង
10. ក៏មិនត្រូវភ្ជួរ ដោយទឹមគោជាមួយនឹងលាដែរ
11. មិនត្រូវឲ្យឯងស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម និងអំបោះខ្លូតទេសជាមួយគ្នាឡើយ។
12. ត្រូវឲ្យឯងធ្វើរំយោល ភ្ជាប់ត្រង់ជាយទាំង៤នៃសំពត់ដែលឯងស្លៀកផង។
13. បើអ្នកណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់វិញ
14. ហើយចាប់តាំងនិយាយកេរ្ដិ៍ពីនាង ព្រមទាំងនាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា ខ្ញុំបានយកស្ត្រីនេះ ហើយកាលបានចូលទៅឯវា នោះឃើញថាមិនបរិសុទ្ធទេ
15. នោះត្រូវឲ្យឪពុកម្តាយនាង នាំយកទីសំគាល់ ពីសេចក្ដីបរិសុទ្ធរបស់នាង ទៅឯពួកចាស់ទុំនៃទីក្រុងត្រង់មាត់ទ្វារក្រុង
16. រួចត្រូវឲ្យឪពុកនាងជំរាបដល់ពួកចាស់ទុំថា ខ្ញុំបានឲ្យកូនខ្ញុំទៅធ្វើជាប្រពន្ធរបស់អ្នកនេះ តែគេបែរជាស្អប់វិញ
17. ហើយមើល គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា មិនឃើញនាងបរិសុទ្ធទេ តែមើលមានទីសំគាល់នេះពីសេចក្ដីបរិសុទ្ធរបស់កូនខ្ញុំស្រាប់ នោះត្រូវលាសំពត់នោះនៅមុខចាស់ទុំនៃទីក្រុង
18. រួចត្រូវឲ្យពួកចាស់ទុំនៃក្រុងនោះ ចាប់យកអ្នកនោះទៅវាយផ្ចាលចេញ
19. ហើយត្រូវពិន័យលក់អ្នកនោះ១០០រៀល ឲ្យដល់ឪពុកនាង ដោយព្រោះបាននាំបង្ខូចឈ្មោះនាងក្រមុំម្នាក់នៃសាសន៍អ៊ីស្រាអែល រួចនាងនោះនឹងនៅជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតដល់គ្រប់១ជីវិត
20. តែបើការនោះពិតមែន ហើយរកទីសំគាល់ពីសេចក្ដីបរិសុទ្ធរបស់នាងមិនបាន
21. នោះត្រូវឲ្យគេនាំនាងចេញ ទៅឯមាត់ទ្វារផ្ទះឪពុក ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសំឡាប់នឹងថ្មទៅ ដ្បិតនាងបានប្រព្រឹត្តការអាស្រូវបារាយក្នុងពួកអ៊ីស្រាអែល ដោយបានធ្វើឲ្យខូចសេចក្ដីបរិសុទ្ធ កាលនៅក្នុងផ្ទះឪពុករបស់ខ្លួននៅឡើយ គឺយ៉ាងនោះដែលត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ។
22. បើដែលឃើញអ្នកណាកំពុងតែរួមដំណេក និងស្ត្រីដែលមានប្ដីហើយ នោះអ្នកទាំង២ត្រូវស្លាប់ គឺទាំងប្រុសដែលដេកនឹងនាង ព្រមទាំងនាងនោះផង គឺយ៉ាងនោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ ពីពួកអ៊ីស្រាអែលចេញ។
23. បើមានស្រីក្រមុំណា ដែលមានគេដណ្តឹងហើយស្រាប់តែមានប្រុសណាប្រទះឃើញនាង នៅក្នុងទីក្រុងហើយចាប់យកទៅរួមដំណេកនឹងនាង
24. នោះត្រូវឲ្យឯងរាល់គ្នានាំអ្នកទាំង២ ចេញទៅឯទ្វារក្រុង ចោលសំឡាប់នឹងថ្មទៅ គឺនាងនោះ ដោយព្រោះនៅក្នុងទីក្រុង តែមិនបានស្រែកសោះ ហើយមនុស្សប្រុសនោះ ដោយព្រោះបានបន្ទាបបន្ថោកប្រពន្ធរបស់អ្នកជិតខាងខ្លួន គឺយ៉ាងនោះដែលឯងត្រូវបំបាត់ការអាក្រក់ពីពួកឯងចេញ
25. ប៉ុន្តែបើមនុស្សប្រុសនោះ បានប្រទះឃើញនាង ដែលមានគេដណ្តឹងហើយ នៅឯទីវាលវិញ រួចចាប់បង្ខំដេកនឹងនាងទៅ នោះត្រូវស្លាប់តែខាងប្រុសដែលបានដេកនឹងនាងប៉ុណ្ណោះ
26. តែឯនាងនោះ មិនត្រូវឲ្យធ្វើទោសអ្វីឡើយ នាងគ្មានបាបណាដែលគួរឲ្យស្លាប់ទេ ដ្បិតដំណើរនេះបែបដូចជាកាលមនុស្សណាមួយ ស្ទុះទៅសំឡាប់អ្នកជិតខាងខ្លួនដូច្នោះដែរ