3. ត្រូវឲ្យឯងប្រព្រឹត្តដូច្នោះចំពោះសត្វលា និងសំលៀកបំពាក់ហើយនឹងគ្រប់របស់ទាំងអស់ ដែលបងប្អូនឯងបានបាត់ហើយឯងបានឃើញនោះដែរ មិនត្រូវឲ្យគេចចេញឡើយ
4. ឬបើឃើញលា ឬគោ របស់បងប្អូន ដែលដួលតាមផ្លូវ នោះក៏មិនត្រូវឲ្យឯងចេញពីគេដែរ គឺត្រូវតែជួយលើកសត្វនោះឡើងវិញជាកុំខាន។
5. រីឯពួកស្ត្រី មិនត្រូវឲ្យគេស្លៀកពាក់ប្រដាប់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកពាក់ប្រដាប់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជាព្រះនៃឯងណាស់។
6. បើកាលណាឯងប្រទះឃើញសំបុកសត្វ ដែលមានកូន ឬមានពង នៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវឲ្យឯងយកមេ ជាមួយនឹងកូនផងទេ
7. គឺត្រូវឲ្យឯងលែងមេទៅជាកុំខាន ឯកូននោះ ឯងនឹងយកបាន ដូច្នេះឯងនឹងបានសប្បាយ ហើយបានជីវិតរស់នៅជាយូរអង្វែងតទៅ។
8. កាលណាសង់ផ្ទះថ្មី នោះត្រូវឲ្យធ្វើបង្កាន់ដៃលើដំបូល ដើម្បីកុំឲ្យមានអ្នកណាធ្លាក់ពីលើនោះទៅក្រោម និងនាំឲ្យមានទោសចំពោះឈាមគេលើផ្ទះឯងឡើយ។
9. មិនត្រូវឲ្យព្រោះពូជ២យ៉ាងខុសគ្នាចំរុះក្នុងចំការឯងឡើយ ក្រែងផលទាំងអស់ត្រូវខូចខាតទៅ ព្រមទាំងពូជដែលឯងបានព្រោះ និងផលចំរើននោះផង
10. ក៏មិនត្រូវភ្ជួរ ដោយទឹមគោជាមួយនឹងលាដែរ